(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រសួងអប់រំទើបរកឃើញគ្រឹះស្ថានសិក្សាឯកជន និងទីតាំងផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងករណីគណៈប្រតិភូនៃប្រទេសហុងគ្រី ដែលមានឆ្លងជំងឺកូវី១៩។

លោក រស់ សុវាចា បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាសរុបមាន៖ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០១ និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៨ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។

លោកបន្តថា គណ:គ្រប់គ្រងក្លឹបហាត់ការ៉ាតេដូ មន្ទីរអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាបានចាត់ចែង អនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ គ្រឹះស្ថានសិក្សាបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិត ក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងអប់រំ គិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០៖

* ក្លឹបហាត់ការ៉ាតេដូ១៖ គ្រូបង្ហាត់កីឡាការ៉ាតេដូ ដែលជាអង្គរក្សជនជាតិខ្មែរ ការពារផ្ទាល់គណ:ប្រតិភូនៃប្រទេសហុងគ្រី។
* មន្ទីរអប់រំ យុវជន និងកីឡាខេត្ត១៖ បុគ្គលិក និងសមាជិកគ្រួសារចំនួន២៣រូប បានទទួលទានអាហារជាមួយអ្នកដែល បានប៉ះពាល់ជាមួយគណ:ប្រតិភូ នៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សា៨៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សា៧៖ សិស្ស១រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖ 

* គ្រឹះស្ថានសិក្សា៦៖ សិស្ស២រូបមានមាតាបិតា ដែលបានទទួលទានអាហារជាមួយអ្នក ដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូ នៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សា៥៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូ នៃប្រទេសហុងគ្រី។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០៖

* គ្រឹះស្ថានសិក្សា៤៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សា៣៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សា២៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សា១៖ បុគ្គលិក១រូបបានប៉ះពាល់ ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ ជូនក្រសួងតាមរយៈលេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពសុខភាព តាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ ជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា៕