(ភ្នំពេញ)៖​ បុរស៣នាក់ត្រូវបានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីបាញ់ប្រហារមួយ ដែលបានឡើងនៅមុខហាងមាស្សា​យ៉ាងចូវ​ តាមបណ្តោយផ្លូវ២៥២ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ នាម៉ោង១០៖២០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើយោងតាមសំដីសមត្ថកិច្ច ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

តាមសំដីអ្នកដែលឃើញហេតុការណ៍បានប្រាប់ Fresh News ថា មុនមានការបាញ់ប្រហារ ដែលបណ្តាលឲ្យមានមនុស្សរងរបួសនេះ កើតឡើងខណៈដែល​ជនរងគ្រោះទាំង៣នាក់ បានអង្គុយយាមម៉ូតូ នៅកន្លែងកើតហេតុដូចសព្វដង លុះអង្គុយយាមបានមួយសន្ទុះ ក៏មានខ្មាន់កាំភ្លើង៣នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានមកដល់, ពេលនោះ ខ្មាន់កាំភ្លើងក៏មិនបង្អង់យូរឡើយ ដោយបានដកកាំភ្លើងខ្លី ចេញពីចង្គេះបាញ់ប្រហារចំនួន៤គ្រាប់ បណ្តាលឲ្យត្រូវមនុស្ស៣នាក់តែម្តង​ ដោយម្នាក់ត្រូវពោះ​, ម្នាក់ត្រូវដៃ ​និងទ្រូង​។

បន្ទាប់ពីរងនូវការបាញ់ប្រហារ បណ្តាលឲ្យរងរបួសហើយ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបងប្អូនដឹកជញ្ជួនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងការបាញ់នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយទេ គឺកំពុងតែស្រាវជ្រាវរកមូលហេតុពិត។ ចំណែកជនរងគ្រោះ គឺជាបុគ្គលិកបម្រើការ នៅហាងម៉ាស្សាយ៉ាងចូវ ដែលមានទីតាំងស្ថិតនៅក្បែរកន្លែងកើតហេតុ៕