(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា តំបន់ឆ្នេរសមុទ្រកម្ពុជា ពេលនេះកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការទាក់ទាញវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស។

លោករដ្ឋមន្រ្តី បានលើកឡើងបែបនេះ បន្ទាប់ក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាថ្មី រវាងឆ្នេសមុទ្រកម្ពុជា និងឆ្នេរសមុទ្រម៉ប៊ីយ៉ុង នៅសណ្ឋាគារតារា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការចុះកិច្ចព្រមព្រៀងខាងលើ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក កាលពីឆ្នាំ២០១១។ លោកថា ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្តែងឲ្យឃើញពីរបត់ថ្មី នៃការប្រែប្រួលមុខមាត់ ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិ នៃឆ្នេរសមុទ្រកម្ពុជា។

លោកបានបន្ថែមថា ការនេះបានធ្វើឲ្យតំបន់ឆ្នេរកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ចទី២ ក្នុងការទាក់ទាញអ្នកវិនិយោគ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ទាប់ពីរាជធានីភ្នំពេញ និងត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និងប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និងក្នុងតំបន់ព្រមទាំងជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ និងរាជធានីភ្នំពេញ។

បច្ចុប្បន្នកម្ពុជា មានឆ្នេរសមុទ្រប្រវែង៤៤០គ.ម គ្របដណ្តប់លើខេត្តចំនួន៤ រួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅឆ្នាំ២០១៤ តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២លាននាក់ ហើយ រយៈពេល ៩ខែឆ្នាំ២០១៥ តំបន់ឆ្នេរនេះ ក៏ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៤៩ម៉ឺននាក់ ដែលកើនឡើងបន្ថែម ១៥,២% ផងដែរ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៤។

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងឆ្នេរសមុទ្រកម្ពុជា និងឆ្នេរសមុទ្រម៉ប៊ីយ៉ុង នៅរសៀលនេះ លោក Gerard Pierre អនុប្រធានក្រុមប្រឹក្សាតំបន់ ម៉ប៊ីយ៉ុង លើកឡើងថា ឆ្នេរសមុទ្រ កម្ពុជា និងឆ្នេរសមុទ្រ Morbihan នឹងក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងឧត្តមភាពប្រកួតប្រជែងខ្ពស់ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការអនុវត្តល្អៗ ទាក់ទងនឹងការងារគ្រប់គ្រង និងអភិវឌ្ឍ៕