(ភ្នំពេញ)៖ បុរសជាគ្រូជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានបុគ្គលិកសិស្សប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន បន្ទាប់ពីធំក្លិនស្អុយ ហើយត្រូវបានគេគាស់ទ្វារបន្ទប់ ស្រាប់តែឃើញដេកស្លាប់ផ្កាប់មុខ នៅលើកម្រាល។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិអាល្លឺម៉ង់រូបនេះ បានស្លាប់រយៈពេល៣ថ្ងៃទៅហើយ ប៉ុន្តែទើបបង្កមានការភ្ញាក់ផ្អើល នៅម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅសាលាកូរ៉េ ដែលមានទីតាំងស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ NORBERTFREDE ជនជាតិ អាល្លឺម៉ង់ ភេទប្រុស អាយុ៦២ឆ្នាំ ជាបុគ្គលិកគ្រូបង្រៀនស្នាក់នៅក្នុងសាលា។

តាមបុគ្គលិកបម្រើការងារបានឱ្យដឹងថា គេឃើញជនរងគ្រោះចុងក្រោយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ កុម្ភ: ឆ្នាំ២០១៦ កន្លងមក ដើរចូលមកក្នុងសាលា ក្នុងសភាពទ្រេតទ្រោតៗ ហាក់បីដូចជាមិនស្រួលខ្លួន ឬក៏ស្រវឹងស្រា ហើយដើរចូលបន្ទប់ស្នាក់នៅបាត់ទៅ គ្មានអ្នកណាចាប់អារម្មណ៍ដែរ តាំងពីថ្ងៃនោះមក មិនឃើញជនរងគ្រោះ មកហូបបាយ ជាមួយបុគ្គលិកផ្សេងទៀតឡើយ លុះរហូតមកដល់វេលាម៉ោង កើតហេតុខាងលើស្រាប់តែមានធំក្លិនស្អុយ ចេញពីបន្ទប់ស្នាក់នៅរបស់គាត់​ មានការសង្ស័យ រាយការណ៍ប្រាប់ទៅ គ្រូ និងនាយកសាលា ទៅបើកទ្វារអើតមើលស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់ផ្កាប់មុខ ក្នុងសភាពហើមស្អុយទៅហើយ រួចបានរាយការណ៍ ប្រាប់អាជ្ញាធរ សមត្ថកិច្ចជំនាញ ឱ្យចុះមកជួយពិនិត្យមើល។

បន្ទាប់ពីធ្វើការពិនិត្យ និងកោសល្យវិច្ច័យ ពីការិយាល័យបច្ចេកទេសវិទ្យសាស្រ្តរាជធានីភ្នំពេញ រួចសាកសពត្រូវបានរាយការណ៍ ទៅស្ថានទូត និងដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ៕