(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២០នេះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ សមាអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញបើកផ្ដល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព មួយលើកដំបូង ជូនគ្រួសារអតីតយុទ្ធជន ចំនួន២១គ្រួសារ មកពីខណ្ឌចំនួន១០ ក្នុងរាជធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី បានឲ្យដឹងថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ថ្ងៃនេះ មន្ទីរសង្គមកិច្ចរាជធានី បានរៀនបំពិធីជួបជុំសំណេះសំណាលជាមួយគ្រួសារ អតីតយុទ្ឋជន និងនាំយកថវិកាចំនួន ១៦៨.៥៧៥.០៤០រៀល ផ្តល់ជូនដល់គ្រួសារអតីតយុទ្ឋជន ចំនួន២១គ្រួសារ។

លោកស្រីប្រធាន បញ្ជាក់ថា នេះគឺជាលើកទី១៦ហើយ កាលមុនៗក្រុមការងារបានចុះផ្ទាល់ដល់លំនៅឋានបងប្អូន ដើម្បីបានដឹងសុខទុក្ខផ្ទាល់អំពីជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ឋជន និវត្តន៍ជនផងដែរ។

ដោយឡែកលើកទី១៦នេះ យោងតាមការណែនាំរបស់លោករដ្ឋមន្ត្រី វង្ស សូត បានណែនាំឲ្យមន្ទីរសង្គមកិច្ចខេត្ត-រាជធានី ធ្វើយ៉ាងណាឲ្យមន្ទីរផ្តល់សេវាតម្រូវការ ព្រមទាំងខិតខំធ្វើ របបគោលនយោបាយផ្តល់ឲ្យដល់គ្រួសារអតីតយុទ្ធជន។

ពាក់ព័ន្ឋនឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ គឺធ្វើយ៉ាងណា ត្រូវយកចិត្តទុក្ខដាក់ដល់បងប្អូន ពោលរាជរដ្ឋាភិបាលមិនបោះបងប្អូនគ្រួសារអតីតយុទ្ឋជន ដែលលោកមានគុណបំណាច់ចំពោះជាតិ ចឹងទេ តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ឋជន ដោយបានដោះស្រាយរបបគោលនយោបាយប្រចាំខែ របបគោលនយបាយសំរាប់សមាជិកអតីតយុទ្ឋជនដែលបានចូលនិវត្តន៍ រហូតដល់ពេល សមាជិកអតីតយុទ្ឋជនម្នាក់ៗមាន ពិសេសដល់សមាជិកអតីតយុទ្ឋជនទទួលមរណភាព គឺមានការរៀបចំគោលការណ៍របបសំរាប់ឧបត្ថម្ភដល់គ្រួសារ។

ជាក់ស្តែងដូចថ្ងៃនេះ មន្ទីរបានរៀបចំគោលនយោបាយជូនទៅតាមឋាន្តរស័ក្តកំរឹត តាមអនុក្រឹត្យ និងប្រកាសណែនាំ ពិសេសតាមការណែនាំរបស់លោករដ្ឋមន្ត្រី គឺធ្វើឲ្យលឿន រហ័ស ប្រកបដោយប្រសិទ្ឋិភាព។

ក្នុងនោះរួមមាន ៖

*ខណ្ឌទួលគោក ចំនួន០៣គ្រួសារ
*ខណ្ឌចំការមន ចំនួន០៣គ្រួសារ
*ខណ្ឌ៧មករា ចំនួន០១គ្រួសារ
*ខណ្ឌដូនពេញ ចំនួន០២គ្រួសារ
*ខណ្ឌមានជ័យ ចំនួន០៣គ្រួសារ
*ខណ្ឌប្ញស្សីកែវ ចំនួន ០៣គ្រួសារ
*ខណ្ឌសែនសុខ ចំនួន០៣គ្រួសារ,
*ខណ្ឌច្បារអំពៅ ចំនួន០១គ្រួសារ,
*ខណ្ឌព្រែកព្នៅ ចំនួន០១គ្រួសារ
*ខណ្ឌដង្កោ ចំនួន០១គ្រួសារ។

ជំនួសមុខឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច, លោកស្រី មុំ ចាន់ដានី បានសម្ដែងនូវការចូលរួមរំលែកនូវមរណៈទុក្ខ ដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាព ដែលជាអតីតយុទ្ធជនយើង ធ្លាប់បានចូលរួមចំណែកលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះ ការពារបូរណភាពទឹកដី រហូតទទួលបានជោគជ័យកន្លងមក។

លោកស្រី មុំ ចាន់ដានី បានគូសបញ្ជាក់ថា គំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជនកម្ពុជា ពិតជាបានចារនៅក្នុងប្រវត្តិសាស្ត្រ កូនខ្មែរជំនាន់ក្រោយ ដើម្បីជាការដឹងគុណ ដល់អ្នកជំនាន់មុន។
ជាមួយគ្នានោះ លោកស្រីប្រធាន បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរសខ្មែរ ដែលបានពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ៕