(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគ ថវិកា ទៅឧបត្ថម្ភដល់បងប្អូនអាជីវករលក់ដូរនៅផ្សារកំពង់ពពិល ដែលទទួលរងផលប៉ះពាល់ដោយអគ្គិភ័យឆាបឆេះផ្សារកាលពីថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២០ កន្លងមកនេះ។

ពិធីសំណេះសំណាល និងផ្តល់គ្រឿងឧបភោគ បរិភោគ បានធ្វើឡើងនៅបរិវេណវត្តកំពង់ពពិល ស្រុកពារាំង ដោយមានការចូលរួមពីសំណាក់លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង រួមនឹងអស់លោក លោកស្រី ជាមន្រ្តីក្រុមការងារចុះមូលដ្ឋានស្រុកពារាំងជាច្រើនរូបទៀត។

តាមសេចក្តីរាយការណ៍ពីលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្សារកំពង់ពពិលរបស់ស្រុកពារាំងនេះនៅវេលាម៉ោង ៩:០០ នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយទូស្សេខ្សែភ្លើង និងបានរលត់ទាំងស្រុងនៅម៉ោង១២៖៣០នាទីយប់ ដោយប្រើប្រាស់ឡានទឹកសរុប ២១គ្រឿង។ ចំពោះការខូចខាតមានទំហំ ប្រមាណ៧០ភាគរយ ដោយឆេះតូបអស់ ៧៥តូប ក្នុងចំណោមតូបសរុប៩៦តូប ស្មើនឹងទឹកប្រាក់ប្រមាណ ១,០៨០,០០០ដុល្លារ។

ក្នុងឱកាសសំណេះសំណាលនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការសោកស្តាយចំពោះបងប្អូនអាជីវករ ដែលបានបាត់បង់ទ្រព្យសម្បត្តិដោយសារអគ្គិភ័យ និងបានអរគុណដល់ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំពន្លត់អគ្គិភ័យបានទាន់ពេលវេលា មិនបណ្តាលឲ្យពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្នើដល់អាជ្ញាធរដែនដី និងអាជីវករផ្សារ ធ្វើការជួបពិភាក្សាគ្នា ដើម្បីឈានទៅដល់ការឯកភាពរៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ពពិលនេះឡើងវិញ ប្រកបដោយបរិស្ថាន អនាម័យល្អ ធានាសុវត្ថិភាព ស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិបច្ចុប្បន្ន។

ក្នុងឱកាសសំណេះសំណាលនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៩៩គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកក្រូច ទឹកបរិសុទ្ធ សារុង និង ថវិកាសរុបជាង ២៤ លានរៀល។

លោកអភិបាលស្រុកពារាំង ជំនួសមុខឲ្យក្រុមអាជីវករ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់៕