(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបាន គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីលោកប្រធានាធិបតី ស៊ី ជិនពីង។

ក្នុងសារលិខិតអបអរនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហាឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ មានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រជាតិ ដែលឯកឧត្តម ស៊ី ជីនពីង XI JING PING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាគ្រឿងឥស្សរិយយសកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំបរទេសថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមានប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន»

រដ្ឋមន្ត្រីការពារកម្ពុជា បានបន្តថា «ការទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជានុរាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវភាពស្និទ្ធស្នាល មិត្តភាពដ៏រឹងមាំ នៃការទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ល្អចំពោះរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន»។

«ទូលព្រះបង្គំជាខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្ដែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដល់ប្រជានុរាស្ត្រទូទាំងប្រទេស ជាអង្វែងតរៀងទៅ»

ជាថ្មីម្តងទៀត សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រមទាំងបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជា
ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលបោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។

រដ្ឋាភិបាលចិនថ្វាយគ្រឿងឥស្សរិយយសនេះ ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាពកម្ពុជា-ចិន។ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ បានប្រព្រឹត្តឡើងយ៉ាងមហោឡារឹកអធិកអធមនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន នាទីក្រុងប៉េកាំង ប្រទេសចិន។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាអ្នកអញ្ជើញថ្វាយនូវគ្រឿងឥស្សរិយយសនេះដោយផ្ទាល់ដល់ព្រះវររាជមាតាជាតិខ្មែរ៕

ខាងក្រោមនេះជាសារលិខិតសម្តេចពិជ័យសេនា ទៀ បាញ់ សម្តែងការអបអរថ្វាយសម្តេចម៉ែ៖