(ភ្នំពេញ)៖ បន្ទាប់ពីជួបជាមួយអគ្គរដ្ឋទូតអាមេរិក នៅព្រឹកមិញនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងចុះសួរសុខទុក្ខសកម្មជន ដែលជាប់ឃុំ នៅពន្ធនាគារព្រៃស នៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខ, នេះបើតាមការបញ្ជាក់របស់ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។

លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក កឹម សុខា និងលោក William A. Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅការិយាល័យតំណាងរាស្រ្តសម្លេងភាគតិច នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦។

សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារសាធារណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី និង លោក មាជ សុវណ្ណារ៉ា នាយកព័ត៌មាន គណបក្សសង្រ្គោះជាតិ ផងដែរ៕