(បន្ទាយមានជ័យ)៖ យុវជន២នាក់ ដែលលួចជក់ថ្នាំញៀនក្នុងក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួននៅយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់ថាការចុះបង្ក្រាបជនសង្ស័យលួចជក់ថ្នាំញៀនយ៉ាងសកម្មនេះ ពេលដែលកម្លាំងរបស់លោកល្បាត ដល់ចំណុចក្រោយខារ៉ាអូខេនាគមាសចាស់ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់ និងម៉ូតូចំនួន២គ្រឿង។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបណ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ប៉ាន់ សុភ័ក្ត្រ អាយុ២០ឆ្នាំ មុខរបរកម្មកររស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
*ទី២៖ ឈ្មោះ ផាលី ធីរ៉ូ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិប្រឡាយហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។ ជនសង្ស័យទាំង២នាក់ ក្រោយពេលសួរចម្លើយរួចបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចជក់ថ្នាំញៀនពិតប្រាកដមែន។

ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងផងនោះសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត៕