(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានសមាជិកទទួលមរណភាព និងគ្រួសារប្រជាពលរដ្ឋ ដែលទើបនឹងឆ្លងទន្លេរួចចំនួន១០ឃុំ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង នាថ្មីៗនេះ បានទទួលថវិកាចំនួន១១៩លានរៀល ពីមូលនិធិសម្តេចក្រឡាហោម ស ខេង។

មូលនិធីនេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់ប្រជាពលរដ្ឋដែលទើបនឹងឆ្លងទន្លេ និងគ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិកទទួលមរណភាព នៅក្នុងមូលដ្ឋាននានា។

សម្រាប់ថវិកាឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋនៅខេត្តបាត់ដំបងពេលនេះ ត្រូវបាននាំយកទៅជូនប្រជាពលរដ្ឋដោយ លោក កុល វីរក្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក កុល វីរក្ស និងក្រុមការងារ ក៏បានចុះទៅដល់ផ្ទះប្រជាជននៅឃុំតាប៉ុន ស្រុងសង្កែ ចំនួន៨៩គ្រួសារ ដែលត្រូវទទួលបានមូលនិធីវគ្គនេះផងដែរ។

លោក កុល វីរក្ស បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង និងចូលរួមរំលែកទុក្ខចំពោះគ្រួសារ ដែលមានសមាជិកគ្រួសារទទួលមរណភាព និងអបអរសាទរចំពោះគ្រួសារ ដែលទើបបានសមាជិកថ្មី។

លោកសង្ឃឹមថា កុមារទាំងនោះ ក្រោមការបីបាច់ពីក្រុមគ្រួសារ នៅអនាគតនឹងក្លាយជាទំពាំងស្នងឫស្សី និងរួមចំណែកនាំនាវាកម្ពុជា មានសន្ទុះកាន់តែលឿន និងឈានទាន់ប្រទេសរីកចំរើន នៅលើពិភពលោក៕