(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្ទោង ខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា គ្មានអ្វីមានតម្លៃជាងសុខសន្តិភាពទេ ដូច្នេះសូមរួមគ្នាការពារសុខសន្ដិភាព ព្រោះបើសិនយើងការពារសន្តិភាពបាន យើងអាចរក្សាការពារមានទ្រព្យសម្បត្តិ និងរាល់សមិទ្ធផល ដែលយើងមានបានគង់វង្ស។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២០ ក្នុងឱកាសលោក និងសហការីអញ្ជើះចុះសាកសួសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅឃុំពៅវ៉ើយ ដែលជាឃុំមួយស្ថិតនៅកណ្ដាលបឹងទន្លេសាប ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ជា ចាន់តូ ឲ្យដឹងថា «គ្មានអ្វីមានតម្លៃជាងសុខសន្តិភាពនោះទេ ដូចនេះបើសិនយើងការពារសន្តិភាព បានយើងអាចរក្សាការពារមានទ្រព្យសម្បត្តិ និងរាល់សមិទ្ធផលដែលយើងមានបានគង់វង្ស និងឲ្យយើងកាន់តែមានលទ្ធភាព និងមានឱកាសបន្តកសាង និងអភិវឌ្ឍន៍សមិទ្ធថ្មីៗបន្ថែមទៀត»

លោកបន្ដថា ក្នុងនោះរួមទាំងវិស័យពុទ្ធចក្រផងដែរ ជាក់ស្ដែងដូចព្រះវិហារថ្មីវត្តពៅវ៉ើយ ដ៏ស្គឹមស្កៃត្រដែតអណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបនេះ ជាសក្ខីភាពស្រាប់។ តើយើងបាននឹកស្មានថាតំបន់ដាច់ស្រយ៉ាលមួយនេះ ទទួលបានការីកចម្រើនដូចសព្វថ្ងៃនេះទេ ទាំងនេះមិនបានមកដោយសារគុណបុណ្យសន្តិភាព និងកាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន និងការចូលរួមពីមហាកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ។

ក្នុងឱកាសនោះផងដែរ លោកក៏បានអំពាវនាវចំពោះព្រះសង្សនិងប្រជាពលរដ្ឋរស់នៅឃុំពៅវ៉ើយក្នុងស្រុកស្ទោង ឲ្យបន្តថែរក្សាសន្តិភាពឲ្យល្អ ដើម្បីការពារសមិទ្ធផលដែលជាកេរ្តិ៍ដំណែលបុរាណ និងរាល់សមទ្ធផលដែលបានកសាងក្រោយថ្ងៃរំដោះឲ្យគង់វង្សសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ និងបានរស់នៅប្រកបដោយសេចក្ដីសុខសាន្ត។

សូមបញ្ជាក់ថា ព្រះវិហារថ្មីវត្តពៅវ៉ើយនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ី ណា។ ព្រះវិហារនេះ បានចាប់ផ្ដើម កសាងនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ តាមការគ្រោងព្រះវិហារនេះនឹងបញ្ចប់ឲ្យរួចរាល់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងឱកាសនោះលោក ជា ចាន់តូ បានសំណូមពរ ដល់ព្រះសង្ឃសូមបន្តយកព្រះទ័យ និងយកចិត្តទុកដាក់ថែរក្សាព្រះសុខភាព និងសុខភាពឲ្យបានល្អ ព្រោះសុខភាព មានតម្លៃណាស់ ពិសេសនៅកំឡុងពេលដែលជម្ងឺកូវីដ១៩ មិនទាន់រលាយពីផែនដីយើងនៅឡើយ។

ដូចនេះត្រូវតែប្រុងប្រយ័ត្នឲ្យខ្ពស់ក្នុងនោះរួមទាំង ឥទ្ធិពលនៃជំនន់ទឹកភ្លៀវកន្លងទៅថ្មីៗនេះ អាចមានជម្ងឺផ្សេងៗដែរផង។

ក្នុងឱកាសនោះលោក ជា ចាន់តូ បានប្រគេនទយ្យវត្ថុ ដល់ព្រះសង្ឃវត្តពៅវ៉ើយរួមមាន បច្ច័យអង្ករ២បាវ,ទឹកសុទ្ធ១០កេស, មី១០កេស,កូកា១០កេស,ទឹកផ្លែឈើ១០កេស, ស្ករស ១បាវ, ទឹកដោះគោ១កេសធំ, ទឹកស៊ីអ៊ីវ ២០ដប និងទឹកត្រី២០ដប។

ជាមួយនេះសម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមម្នាក់ៗទទួលបានសារុង និងថវិកាផងដែរ៕