(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្ដែងនូវការស្ញប់ស្ញែង និងចាត់ទុកការធ្វើចត្តាឡីស័ករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាគំរូសម្រាប់មន្ដ្រី និងប្រជាពលរដ្ឋដទៃ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាក់ទងការធ្វើចត្តាឡីស័ក ហើយនេះខ្ញុំគិតថាជាគំរូមួយដ៏ល្អ សម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាសមាជិក សមាជិកា មន្ដ្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់»

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០» សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលមាននៅលើ រដ្ឋមន្ដ្រីការបរទេសហុងគ្រីនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលគ្រប់កម្មវិធីទាំងអស់ រហូតដល់ការកំណត់ធ្វើចត្តាឡីស័ក ចប់សព្វគ្រប់។

សម្ដេចក្រឡាហោម ស ខេង ក៏បានបួងសួងសូមឲ្យសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារទាំងអស់ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បីសម្ដេចតេជោ មានសុខភាពល្អ បន្ដដឹកនាំកម្ពុជា ពង្រឹងសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនបន្ដទៅទៀត។

គួរជម្រាបថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយដោយអំពាវនាវ អំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី មកកម្ពុជានាពេលថ្មីៗនេះ។ ជាមួយសារអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការធ្វើចត្តាឡីស័កដ៏ច្បាស់លាស់របស់សម្តេចផងដែរ។

ក្រសួងសុខាភិបាល នៅព្រឹកមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី កើនឡើងដល់៨៤០នាក់ ត្រូវបានធ្វើតេស្ត ប៉ុន្តែរកមិនឃើញកូវីដ១៩នោះទេ។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី មានចំនួន២១២នាក់ថែមទៀត (ជនជាតិហុងគ្រីម្នាក់) ទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា។ ដូច្ចនេះចំនួនសរុបអ្នកប៉ះពាល់ទាំងអស់ មានចំនួន៨៤០នាក់ សម្រាប់ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។

ក្រសួងបន្តថា ទោះជាយ៉ាងនេះក្តី ក្រសួងសូមណែនាំជូនដល់អ្នកប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលមកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់រកកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖

* លើកទី២ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៤ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕