(ភ្នំពេញ)៖ បណ្ឌិត សុខ សុក្រឹត្យា ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិខ្មែរចំណាកស្រុក សម្តេចតេជោ សែន បានបញ្ជាក់ថា សម្តេចតេជោជាថ្នាក់ដឹកនាំដ៏គំរូ១រូបរបស់កម្ពុជា ដែលបានបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងការ រក្សាគំលាតសុវត្ថិភាព ដោយការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ និងអនុវត្តតាមវិធានអនាម័យ របស់ក្រសួងសុខាភិបាលជានិច្ច ។

ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ និងរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានឱ្យដឹងថា បច្ចុប្បន្នសម្តេចតេជោមានសុខភាពល្អបរិបូរណ៍ កម្លាំង ពលំ មាំមួន និងកំពុងបំពេញភារកិច្ចជូនប្រទេសជាតិជាប្រក្រតី។ ទន្ទឹមនឹងនេះសម្តេច តេជោនៅតែអនុវត្តភារកិច្ចប្រចាំថ្ងៃជាធម្មតា លើកិច្ចការស្នូលសំខាន់ៗ ជូនជាតិ-មាតុភូមិ។ ជាពិសេសការចុះហត្ថលេខា កិច្ចការសំខាន់ៗការពិនិត្យឯកសារអាទិភាពនានា បូករួមទាំងការធ្វើលំហាត់ប្រាណជាប្រក្រតី។

លោក សុក្រឹត្យា បានអំពាវនាវយ៉ាងដូច្នេះ «សមាជិកសមាជិកាមូលនិធិខ្មែរចំណាកស្រុក សម្តេចតេជោសែន ព្រមទាំងពលករខ្មែរចំណាកស្រុក និងប្រជាពលរដ្ឋខ្មែរទាំងអស់ កុំជឿតាមពាក្យញុះញង់ និងការបំបះបំបោររបស់ជនអគតិ ណាម្នាក់ឱ្យសោះ»

សូមបញ្ជាក់ថា ទាំងសម្តេចតេជោ ហ៊ុន សែន, មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, មន្ត្រីក្រុមអ្នកព័ត៌មាន និងអ្នកពាក់ព័ន្ធសរុបជាង៨០០នាក់ ត្រូវបានធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក។ បើទោះបីការធ្វើតេស្តដំណាក់កាលដំបូងទទួលបានលទ្ធផលអវិជ្ជមានក៏ដោយនោះ។

ការធ្វើតេស្តរកជំងឺកូវីដ១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័កនេះ បន្ទាប់ពីលោក ភីតធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មរបស់ហុងគ្រី ដែលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅនេះ បានរកឃើញកើតជំងឺកូវីដ១៩៕