(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអាវរងាជាច្រើនអាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងទ័ពជើងទឹក ដែលកំពុងឈរជើងនៅមូលដ្ឋានសមុទ្ររាម ក្នុងខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងរដូវរងានេះ។

វត្តមានរបស់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នាឱកាសនេះ សបញ្ជាក់បានថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និង ទំនុកបំរុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ព ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និង រដូវរងារផ្តល់អាវរងារ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះនាយនាវី និង ពលនាវិកទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មតាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀតរបស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានរម្លឹកដល់កងទ័ពឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់រាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយ ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និង បន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និង វិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។

បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ ក៏បានថ្លែងគុណដល់កងកម្លាំងទាំងអស់អស់ ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ។ ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលផងដែរ។

ជួសមុខឲ្យថ្នាក់ដឹកនាំ នាយនាវី នាយនាវីរង និងពលនាវិក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកងទ័ព ហើយបានប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ៕