(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជា បានចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិកងទ័ពមួកខៀវកម្ពុជា ដែលបានបញ្ជូនទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិ រហូតបញ្ចប់បេសកកម្មរបស់ខ្លួន និងវិលមកមាតុភូមិកម្ពុជា ដែលធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល គឺបានចូលរួមលើកស្ទួយកិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។

ការលើកឡើងបែបនេះរបស់ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក រួមទាំងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នាយទាហាន-ពលទាហាននៃកងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រឡប់មកពីបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងប្រទេសម៉ាលី ហើយដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅក្នុងមតិសំណេះសំណាល លោកទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានកោតសរសើរកងកម្លាំងមួកខៀវកម្ពុជា ដែលក្លាហាន អង់អាច ម៉ឺងម៉ាត់ និងមានវិជ្ជាជីវៈច្បាស់លាស់ បំពេញបេសកកម្ម បានទទួលជោគជ័យ និងទទួលបានការកោតសរសើរថាមានវិន័យ និងសីលធម៌ខ្ពស់ ដែលទាំងអស់នេះ បានជួយលើកកម្ពស់កិត្យានុភាព របស់កម្ពុជាបន្ថែមទៀត។ លោកទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើការសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះកងកម្លាំងទាំងអស់ផងដែរ។

លោកទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន មន្រ្តីសុខាភិបាល និងមន្រ្តីជំនាញរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ធានាសុវត្ថិភាព និងផ្តល់ការទំនុកបម្រុងគ្រប់គ្រាន់ក្នុងអំឡុងពេលអនុវត្តន៍វិធានចត្តាឡីស័កនេះ។ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ឱ្យថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសបន្តអនុវត្តគោលកាណ៍រក្សា អនាម័យ និងការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល និងជឿជាក់លើវិធានការណ៍មុតមាំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ប៉ុល សារឿន និងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានជូនពរដល់កងទ័ពមួកខៀវកម្ពុជាទាំងអស់ ដែលដែលកំពុងធ្វើចត្តាឡីស័ក សូមឱ្យជួបប្រទះតែសេចក្តីសប្បាយជារៀងរហូតផងដែរ។

ស្ថិតនៅក្នុងឱកាសនោះដែរ កងទ័ពមួកខៀវកម្ពុជា ដែលកំពុងតែធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ប្រាក់ សុខុន, ទេសរដ្ឋមន្ត្រី ប៉ុល សារឿន, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគេទាំងអស់គ្នា ទាំងពេលកំពុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ នៅបណ្តាប្រទេសដែលកំពុងតែហួងហែងដោយសារតែសង្គ្រាម និងរហូតមកមាតុភូមិកម្ពុជាវិញ ព្រមទាំងក្នុងកំលុងពេលធ្វើចត្តាឡីស័កនេះជាដើម។

សូមជម្រាបថា កងទ័ពមួកខៀវកម្ពុជា ចំនួន១១៥នាក់ រួមមាន៖ កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី១២នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ និងកងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ២៣១ ចំនួន ៤២នាក់ ក្នុងនោះមានស្ត្រី១នាក់ ដែលជាកងទ័ពចុងក្រោយរបស់កម្ពុជា ប្រទេសម៉ាលី បានមកកម្ពុជានារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ៧,១២៣នាក់ ក្នុងនោះមានស្រ្តីចំនួនជិត ៤០០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

បច្ចុប្បន្ននេះ កម្ពុជមានកងកម្លាំងចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ លើប្រទេសចំនួន៦ ក្នុងនោះមានប្រទេសស៊ូ ដង់ , ស៊ូដង់ខាងត្បូង, លី បង់ ម៉ាលី អាហ្វ្រិកកណ្តាល និងយ៉េមែន ។ កម្លាំងកងទ័ពមួកខៀវកម្ពុជា ទាំងអស់នេះ ដែលធ្វើឱ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕