(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី ដែលតម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ។

លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល»។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំងបួន៖

* គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
* គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

សូមជម្រាបថា ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថារដ្ឋមន្ត្រីការបទេសហុងគ្រី មានឆ្លងកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពី វិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬសិស្សានុសិស្សមានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូនៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា។

ដោយសារតែមានការវិវត្តថ្មីៗនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងសិស្សានុសិស្ស អនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

* គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិកបានចូលរួម និងប្រាស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូ របស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។

* បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង១៤ ថ្ងៃ សាស្ត្រាចារ្យ បុគ្គលិកអប់រំសិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរសព្ទលេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០

* គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអ្នកអាណាព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត និងបន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុ ការណ៍របស់ក្រសួងសុខាភិបាល

* គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ ពង្រឹងការលើកកម្ពស់វិធានការអនាម័យ និងគោរពតាមគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន៕