(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា។

សេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែល Fresh News ទទួលបាននៅមុននេះ បានឱ្យដឹងថា «ដើម្បីក្តាប់បាននូវសំណូមពរ របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា សូមសម្តេច ឯកឧត្តម លោកជំទាវ ចាត់តាំងក្រុមការងារ តាមដានស្រង់របាយការណ៍ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានា របស់ប្រជាពលរដ្ឋដែលបានផ្ញើមកកាន់គេហទំព័រនាយករដ្ឋមន្រ្តី បន្ទាប់មកត្រូវឆ្លើយតប និងត្រូវរកដំណោះស្រាយជូនប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា»

កន្លងមក មានប្រជាពលរដ្ឋ យុវជន និងសិស្ស-និស្សិតជាច្រើន បានរាយការណ៍អំពីបញ្ហានានា របស់ពួកគេ ទៅកាន់ទំព័រ Facebook ផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចក៏បានអន្តរាគមន៍ដោះស្រាយបញ្ហាទាំងនោះ បានភ្លាមៗ និងទាន់ពេលវេលាផងដែរ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តីសម្តេចធ្លាប់បានលើកឡើងថា នឹងបញ្ជូនបញ្ហាទាំងនោះ ទៅឱ្យក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយ នៅពេលដែលសំណូមពរ របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសេចក្តីណាំនាំថា «ទន្ទឹមនឹងនេះជំនួយការរបស់ខ្ញុំ ដែលទទួលបន្ទុកកិច្ចការនេះ នឹងផ្ញើជូននូវរបាយការណ៍ករណីមួយចំនួនបន្ថែមដែលពាក់ព័ន្ធ ទៅតាមក្រសួងស្ថាប័ន និងរាជធានី ខេត្តនីមួយៗ ដែលខ្ញុំបានទទួលផ្ទាល់ក្នុងប្រអប់សំបុត្រ (inbox) ពីប្រជាពលរដ្ឋ»

ខាងក្រោមនេះជាលិខិតណែនាំ របស់សម្តេចតេជោ ហ៊ុន សែន៖