(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានបន្តរៀបចំវេទិកាស្តីពី «តួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយដល់តំណាងអង្គការសង្គមស៊ីវិលនៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ឱ្យបានយល់ដឹងអំពីការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាពង្រឹងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងពេលដែលកម្ពុជាកំពុងរងផលប៉ះពាល់ដោយការរាតត្បាតដោយជំងឺកូវីដ-១៩។

តំណាងអង្គការសង្គមស៊ីវិលនៅខេត្តនីមួយៗ បានសម្តែងអំណរសាទរចំពោះការរៀបចំឱ្យមានវេទិកាបែបនេះ ដែលបានផ្តល់ឱកាសឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ និងផ្សព្វផ្សាយបន្តដល់សហគមន៍របស់ខ្លួន ព្រមទាំងជំរុញឱ្យប្រជាជនតាមមូលដ្ឋានពង្រឹងជីវភាពគ្រួសារក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ តាមរយៈការលើកកម្ពស់កសិកម្មគ្រួសារ ដូចជាការដាំបន្លែ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីតាមគ្រួសារ ដោយមានការធ្វើបទបង្ហាញពីអ្នកជំនាញផ្នែកសុខភាពសាធារណៈនិងសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ក្នុងអំឡុងពេលនេះដែរ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានដឹកនាំក្រុមការងារ វ.ស.ស. ចែកជានិមិត្តរូបនូវកាតាបនិងសម្ភារៈសិក្សាសរុបចំនួន ២០ ២០០កញ្ចប់ ដល់សិស្សមកពីសាលារៀនចំនួន ៨៥។ កាតាបនិងសម្ភារៈសិក្សាទាំងនេះជាជំនួយសប្បុរសធម៌របស់មូលនិធិចិនដើម្បីកាត់បន្ថយភាពក្រីក្រ ផ្តល់ជូន វ.ស.ស. ដើម្បីចែកជូនដល់សិស្សានុសិស្សនៅតាមសាលារៀនដែលស្ថិតនៅតំបន់ដាច់ស្រយាលនិងជួបការលំបាក។

ក្នុងតួនាទីជាអ្នកសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល វ.ស.ស. បាននិងកំពុងខិតខំកៀរគរជំនួយឧបត្ថម្ភពីដៃគូសហប្រតិបត្តិការជាតិនិងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕