(ស្វាយរៀង)៖ មានករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ យឹម ធី អាយុ២៩ឆ្នាំ ត្រូវជាកូន ក្រោយផឹកស្រាស្រវឹងបានឈ្លោះប្រកែកគ្នាជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿងវាយសំពងទៅលើម្តាយឈ្មោះ យិន រី អាយុ៦៩ឆ្នាំ ចំក្បាលបណ្តាលឱ្យបែកដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៩៖១០នាទី នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ក្រោយទទួលបានរបាយការណ៍ភ្លាមៗ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ប៉ុស្តិ៍រដ្ឋបាលតាមចាប់ខ្លួនជនសង្ស័យអោយទាល់តែបាន។

ក្រោយទទួលបានបទបញ្ជា កងកម្លាំងទាំងអស់បានតាមរកជនសង្ស័យ រហូតដល់ម៉ោង០៦៖៣០នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបចាប់ឃាត់ខ្លួនជនសង្ស័យដែលជាកូនតិរិច្ឆាននោះ បាននៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។

បច្ចុប្បន្ននេះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕