(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ស្រុក ឃុំ (២០២១-២០២៣) នៅស្រុកស្វាយជ្រំ។ សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តខេត្តស្វាយរៀង។

សិក្ខាសាលានេះមានចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកប្រធាន អនុប្រធាន និងតំណាងមន្ទីរ ជំនាញជុំវិញខេត្ត អភិបាលរងស្រុក តំណាងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត នាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក មេឃុំ ស្មៀនឃុំ ប្រធានមណ្ឌលសុខភាព តំណាងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍ សរុបវត្តមាន ៧៦នាក់។

លោក តូច ប៉ូលីវ៉ា បានថ្លែងថា សិក្ខាសាលានេះ គឺជាការរៀបចំដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងដោយឃុំសង្កាត់មានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា និងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្ដាមន្ទីរអង្គភាពជំនាញ និងអង្គការមិនមែនរាជរដ្ឋាភិបាលជាតិអន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរអង្គភាពជំនាញ និងអង្គការនានាជាមួយក្រុង ស្រុកនិងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្ដុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់ សក្ដានុពលនៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យកាន់តែប្រសើរដោយ សហប្រតិបត្តិការគ្នា ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។

លទ្ធផល នៃអង្គសិក្ខាសាលា មានដូចខាងក្រោម៖ នៅឆ្នាំ២០២១ខាងមុខ គម្រោងវិនិយោគស្រុកស្វាយជ្រំ មានចំនួន២៦ គម្រោង មានការសន្យាគាំទ្រចំនួន៨ គម្រោង ស្មេីនឹង៣០,៧៦% នឹងគម្រោងវិនិយោគឃុំទាំង១៦ ក្នុងស្រុក មានចំនួន៧៩០ គម្រោង មានការសន្យាគាំទ្រ ចំនួន២៨៤ គម្រោង ស្មេីនឹង៣៥,៩៥% ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន១០១ គម្រោង ស្មេីនឹង៣៥,៥៦% ហេីយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ១៨៣គម្រោង ស្មេីនឹង៦៤,៤៤%៕