(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងអាជ្ញាធរដែនដី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយរបស់ក្រុមហ៊ុន «សឹកសេសម៉រ៍» ជូនដល់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ មកពីឃុំឈូក និងឃុំគោល និងសិស្សដែលក្រីក្រចំនួន១០នាក់ នៅសាលាស្រុកប្រាសាទសំបូរ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

តំណាងក្រុមហ៊ុន «សឹកសេសម៉រ៍» បានឱ្យដឹងថា អំណោយទាំងនេះ គឺជាទឹកចិត្តសប្បុរសធម៌ របស់ក្រុមការងារនៃសហការីរបស់ក្រុមហ៊ុន និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយរំលែកជាមួយប្រជាពរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ និងរងផលប៉ះពាល់ដំណាំបន្លែបង្ការបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា លោកមានស្រុកភូមិកំណើតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយក្នុងថ្ងៃនេះបានមានឱកាសជួយដល់ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះនៅក្នុងស្រុកប្រាសាទសំបូរ គឺមានចិត្តសប្បាយរីករាយក្នុងការចែករំលែកសេចក្តីស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋ។

នាឱកាសនោះដែរ លោក សុខ លូ បានកោតសរសើរនូវទឹកចិត្តសប្បុរសធម៌របស់ប្រធានក្រុមហ៊ុន «សឹកសេសម៉រ៍» និងសហការី ដែលបានចូលរួមចែករំលែកស្បៀងអាហារនិ ងសម្ភារផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកប្រាសាទសំបូរ និងសូមគាំទ្រនូវសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុនបន្តទៀត ព្រមទាំងសូមឱ្យក្រុមហ៊ុនទទួលបានជោគជ័យ នៅកាន់តែរីកចម្រើនបន្ថែមទៀត។

លោក សុខ លូ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពរដ្ឋកែទម្លាប់ចាស់ចោលមកចូលរួមថែរក្សាសម្អាតបរិស្ថានអនាម័យ នៅជុំវិញលំនៅដ្ឋាន និងរមណីយដ្ឋានដើម្បីជាភាពទាក់ទាញនៅភ្ញៀវទេសចរ ជាតិអន្តរជាតិ មកកម្សាន្តឱ្យកាន់តែច្រើនជាពិសេសនោះ គឺស្រុកប្រាសាទសំបូរ មានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូច្នេះបងប្អូនត្រូវចូលរួមធ្វើជាម្ចាស់ផ្ទះ ដ៏ល្អត្រៀមខ្លួន ជាស្រេចសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាឱ្យកាន់តែច្រើន។

លោកអភិបាលខេត្ត ក៏បានសំណូមពរដល់មាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងឡាយ ឱ្យចូលរួមការពារ ទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន និងកុំចាត់ទុកថាបញ្ហាគ្រឿងញៀន ជាតួនាទីរបស់សមត្ថកិច្ច តែម្យ៉ាងត្រូវគិតថាបញ្ហាគ្រឿងញៀន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាការពារ ទប់ស្កាត់មិនឱ្យមាននៅក្នុងភូមិ ក្នុងសហគមន៍ យើងជាដាច់ថា ដើម្បីគោរពតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ហើយក៏សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ ហាមប្រើទូរស័ព្ទដៃ ហាមផឹកសុរា ក្នុងពេលបើកបរដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកប្រាសាទសំបូរ ចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកសុទ្ធ១កេស មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១ យួរ មុង១ ក្រម៉ា១ អាវយឺត១ ថវិកា ១ម៉ឺនរៀល និងថ្នាំមួយកញ្ចប់។ សម្រាប់សិស្សនុសិស្ស១០នាក់ រស់នៅភូមិកូនក្អែក ក្នុងម្នាក់ទទួលបានកង់១ ថវិកា ១០ម៉ឺន ផងដែរ៕