(ព្រៃវែង)៖ ក្រោយពីទទួលបានដំណឹងអំពីករណីអគ្គិភ័យឆាបឆេះនៅផ្សារកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីវាយតម្លៃនៃការខូចខាត និងផលប៉ះពាល់មួយចំនួនទៀត។

តាមសេចក្តីរាយការណ៍ជាបឋមពីអាជ្ញាធរដែនដី ករណីអគ្គិសភ័យឆាបឆេះផ្សារកំពង់ពពិលនេះ កើតឡើងដោយសារទូស្សេខ្សែរភ្លើង កាលពីវេលាម៉ោង ២១:០០នាទី ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលេបត្របាក់តូបលក់ដូររបស់ប្រជាពលរដ្ឋអស់ចំនួន ៧៥តូប ក្នុងចំនួនតូបសរុប៩៦តូប។

ចំពោះមុន នៃការខូចខាតនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន រួមជាមួយក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក ដែលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឯកភាពជាគោលការណ៍រួម ធ្វើការសម្របសម្រួលជាមួយក្រុមអាជីវករ ដើម្បីកែសម្រួលរៀបចំសាងសង់ផ្សារឲ្យមានសណ្តាប់ធ្នាប់នៅថ្ងៃខាងមុខ និងជាបន្ទាន់ ដើម្បីអាជីវករបានដំណើរការលក់ឡើងវិញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដោយដកស្រង់សម្ដីរបស់អាជ្ញាធរ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យឆេះផ្សារកំពង់ពពិល ទំហំនៃការខូចខាតស្ទើទាំងស្រុង ខណៈគិតជាទឹកប្រាក់ អស់ប្រមាណជាង១លានដុល្លារ។

កម្លាំងសមត្ថកិច្ចអាជ្ញាធរទាំងនៅខេត្តព្រៃវែង និងខេត្តកណ្តាល បានរួមគ្នាចុះអន្តរាគមន៍បន្ទាន់ រហូតដល់អាចពន្លត់ទាំងស្រុង ដោយប្រើប្រាស់ឡានទឹកអស់ចំនួន២១គ្រឿង មកពីខេត្តព្រៃវែង ខេត្តកណ្តាល, ក្រុមហ៊ុន 7NG និងឡានទឹករបស់ក្រុមហ៊ុន OCIC មកពីជ្រោយចង្វារផងដែរ៕