(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំថ្នាធ្នង់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកការដ្ឋានស្ថាបនាផ្លូវលំ ដោយប្រើប្រាស់ស្បៀងសាច់ប្រាក់ពលកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឆ្លងកាត់ចំនួន ២ឃុំ គឺកំពង់អំពិល ប្រវែង១,៩០០ម៉ែត្រ ឃុំថ្នាធ្នង់ប្រវែង៣,៣០០ម៉ែត្រ សរុបរួមចំនួន៥,២០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ពិធីបើកការដ្ឋានេះស្ថាបនាផ្លូវលំនេះ មានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលស្រុក ក្រុមប្រឹក្សាឃុំថ្នាធ្នង់ លោកមេឃុំកំពង់អំពិល រួមមេភូមិពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋនៅតាមសង្ខាងផ្លូវផងដែរ។

នាឱកាសបើកការដ្ឋានស្ថាបនាសាងសង់ផ្លូវលំនេះដែរ លោក តូច ប៉ូលីវ៉ា បានផ្តល់ឱកាសសម្រាប់ដល់ប្រជាពលរដ្ឋចូលរួម លើកជាសំណួរ ឬចម្ងល់ទាក់ទងនឹងគម្រោងស្បៀងសាច់ប្រាក់ពលកម្មនេះផងដែរ។

លោកបានបញ្ជាក់ថា ដោយមានការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយការលើកផ្លូវ ដោយប្រើប្រាស់ស្បៀងពលកម្មនេះ គឺជាការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងបង្កើនប្រាក់ចំណូលមួយចំណែកធំ សម្រាប់ដោះស្រាយជីវភាព និងសូមប្រជាពលរដ្ឋរួបរួមគ្នាសហការគ្នាជាមួយក្រុមការងារ អាជ្ញារធរស្រុក ឃុំ ដើម្បីសម្រេចបាននូវលទ្ធផលមួយល្អប្រសើរ៕