(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បើកសិក្ខាសាលាស្តីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ»

សិក្ខាសាលានេះប្រព្រឹត្តធ្វើឡើងក្រោមក្រោមវត្តមានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ពន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងម្ចាស់អាជីវកម្មជាច្រើនរូបទៀត ដោយមានសហការដៃគូពីធនាគារព្រីនស៍ Prince។ ក្នុងឱកាសនោះ ក៏បានធ្វើពិធីប្រកាសលោកឧកញ៉ា ស្រ៊ុយ ម៉ៅ ជាប្រធានសម្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តត្បូងឃ្មុំ ផងដែរ។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការរីកចម្រើនរបស់ខេត្តពាក់ព័ន្ធវិស័យនានាទាំងកសិកម្ម កសិ-ឧស្សាហកម្ម សិប្បកម្ម និងវិស័យឯកជនជាច្រើន ជាពិសេសច្រកទាំង៧ ដែលជាប្រភពចរាចរណ៍កសិកម្ម និងទំនិញចេញចូលយ៉ាងសំខាន់ ដែលទាំងអស់នេះជាប្រភពរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត និងជួយសម្រួលកម្រិតជីវភាពពលរដ្ឋ។ ចំពោះការអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនានាបានយ៉ាងច្រើនជាបន្តបន្ទាប់ ពិសេសសួនច្បារមុខសាលាខេត្តយ៉ាងស្រស់ត្រកាល ដែលនឹងត្រូវដាក់សម្ពោធ និងមានឈ្មោះថា «សួនសម្តេចតេជោ ហ៊ុនសែន» ផងដែរ។

ពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ លោកបណ្ឌិតអភិបាលខេត្ត បានជំរុញ និងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យដំណើរការបានទៅបានល្អជាលំដាប់ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃការចូលរួមទាំងវិស័យឯកជន រដ្ឋបាលសាធារណៈ និងអ្នកផលិត ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ទើបយើងទទួលបាននូវភាពជោគជ័យទាំងអស់គ្នា ដែលនឹងរុញច្រានធ្វើអោយខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍ទ្វេឡើងថែមមួយកម្រិតទៀត។

ថ្លែងនាឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្ដួចផ្ដើម នូវការបង្កើតគម្រោងសហហិរញ្ញប្បទាន សម្រាប់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជាជាច្រើនលានដុល្លារ ក្នុងនោះមួយចំណែកចូលរួមដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបានពីធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា ជូនម្ចាស់សហគ្រាសធុនតុច និងមធ្យមនៅតាមបណ្ដាខេត្ត។

លោកឧកញ៉ា តែ តាំងប៉ បានបន្ថែមថា ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យម មានច្រើននៅកម្ពុជា ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់នោះ។ ហើយម្ចាស់សហគ្រាសធុនតុច និងមធ្យម ដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលាថ្ងៃនេះ សូមយកចិត្តទុកដាក់ក្នុងការស្តាប់ រៀនសូត្រនូវចំណេះដឹងថ្មីៗបន្ថែមទៀតពីអង្គសិក្ខាសាលា។

លោកថា ក្រោយពីបានទទួលការបណ្តុះបណ្តាលនេះ សហគ្រាសធុនតូចនិងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួន កាន់តែរីកចម្រើនថែមទៀត ពិសេសការអភវឌ្ឍន៍រួមគ្នាក្នុងខេត្តត្បូងឃ្មុំ៕