(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការផ្លាស់ប្តូរសំបកកង់រថយន្តថ្មីដែលមានគុណភាព ដោយមិនប្រើនូវសំបកកង់រថយន្ត សឹករិចរិល និងខូចគុណភាពនោះ ក៏ជាផ្នែកមួយក្នុងការចូលរួមកាត់បន្ថយកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍បានដែរ ខណៈដែលកត្តាធំ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានរហូតដល់ ៩៣% នោះគឺជាកត្តាមនុស្ស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត ថាយផ្ល័ស របស់ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ខាសូលូសិន ដោយមានការចូលរួមពីលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីជ ខា សូលូសិន រួមទាំងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ក្នុងរយៈពេលប្រមាណ២ទសវត្សរ៍។ កត្តាទាំងនេះគឺជាចលករធ្វើឱ្យចំនួនយានយន្តមានការកើនឡើង យ៉ាងគំហុក ហើយមកដល់ពេលនេះឡាន និងម៉ូតូមានចំនួន ៥.៨លាន គ្រឿង (ក្នុងនោះជាង ៩សែន គ្រឿងជារថយន្ត) ដែលកំពុងធ្វើចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការបើកមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត ថាយផ្ល័ស របស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ខាសូលូសិន គឺជាការ បោះជំហានដ៏ធំមួយចូលទៅក្នុងយុទ្ធនាការកែទម្រង់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍បង្ខិត សេវាសាធារណៈ ឱ្យកៀកប្រជាពលរដ្ឋ និងផ្ដល់សេវានេះឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តជំរុញលើកទឹកចិត្តឱ្យមជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត ថាយផ្ល័ស បន្តពង្រីកសាខា របស់ខ្លួននៅគ្រប់ទាំង២៥ រាជធានី-ខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលសេវានេះកាន់តែងាយស្រួល និងក៏ជាយន្តការមួយក្នុងការទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង ដោយកត្តាយានយន្ត។

ទាក់ទងនឹងការទប់ស្កាត់ និងកាត់គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាល បានខិតខំសាងសង់ ពង្រីក លើកកម្ពស់គុណភាព និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយបាននិងកំពុងបន្តបំពាក់បរិក្ខារផ្លូវថ្នល់ដូចជា ភ្លើងសញ្ញា គំនូសសញ្ញា ផ្លាកសញ្ញា និងចំណាំងផ្លាត ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយ និងចែកមួកសុវត្ថិភាពជាដើម ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕