(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាក និងក្នុងស្មារតីជួយគ្នា ដើម្បីសម្រាលបន្ទុកនៃការចំណាយផ្សេងៗ របស់បងប្អូនមន្ត្រីរាជការ និងនិយោជិកក្រោមឱវាទ ដែលបានរងគ្រោះដោយសារទឹកជំនន់ និងមានជីវភាពខ្សត់ខ្សោយ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី បានរៀបចំនូវអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ផ្ដល់ជូនពួកគាត់។

ពិធីនេះ បានរៀបចំឡើងនារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបានចែកអំណោយជាស្បៀងអាហារ និងថវិកា ជូនដល់មន្ត្រីរាជការមួយចំនួន នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងនិយោជិកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងទៅថ្មីៗនេះ និងមានជីវភាពខ្សត់ខ្សោយ។

ទោះបីជាជំនួយឧបត្ថម្ភនេះ មិនមានចំនួនធំដុំក្តី តែនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួង ចំពោះមន្ត្រីរាជការ និងនិយោជិក ក្រោមឱវាទ ដែលស្បៀងអាហារ និងថវិកាមួយចំនួននេះ នឹងអាចជួយសម្រាលដល់បន្ទុកក្នុងគ្រួសាររបស់ពួកគាត់ ក្នុងគ្រាលំបាកបានមួយកម្រិតផងដែរ។

សូមបញ្ជាក់ថា មន្ត្រីរាជការ និងនិយោជិក ដែលត្រូវទទួលបាននូវអំណោយឧបត្ថម្ភទាំងអស់ មានចំនួន ១១១នាក់ ដែលក្នុងម្នាក់ៗទទួលបាននូវ៖

*អង្ករ ២៥គីឡូក្រាម
*មីយើង ១កេស
*ស្ករស ១កញ្ចប់
*ទឹកត្រី ១យួរ
*ទឹកស៊ីអ៊ីវ ១យួរ
*ថវិកាចំនួន ៤០,០០០ រៀល៕