(ភ្នំពេញ)៖ ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ បាននិងកំពុងនាំយកនូវចំណូលថវិការាប់លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ ដែលកម្ពុជាមានដល់ប្រជាពលរដ្ឋរបស់ខ្លួន និងទេសចរបរទេសក៏ដូចជាបានចូលរួមបណ្តុះស្មារតីស្រឡាញ់ និងការពារបរិស្ថាន ធនធានធម្មជាតិដល់សាធារណជនផងដែរ។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរ នេត្រ ភក្ត្រា បានឱ្យដឹងថា៖ «នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់សហគមន៍ចំនួន២២ ក្នុងតំបន់ការពារធម្មជាតិ ១២កន្លែង ស្ថិតក្នុងខេត្តចំនួន៨ ត្រូវបានប៉ាន់ស្មានថា បានចាក់ចូលក្នុងសេដ្ឋកិច្ច នៅមូលដ្ឋានប្រមាណជាង ២៥,២១លានដុល្លារសហរដ្ឋអាមេរិក ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៦,៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩,១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៣៨៥នាក់)»

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា «ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ក្នុងតំបន់អភិរក្ស និងការពារដោយក្រសួងបរិស្ថាន នៅឆ្នាំ២០២០នេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៨ និង២០១៩។ នៅឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុបចំនួន ៣៤,៣៨៥២ ហើយទទួលចំណូលបាន ១៦,១៦លានដុល្លារអាមេរិក ហើយនៅឆ្នាំ២០១៩កន្លងទៅ បានទទួលភ្ញៀវទេសចរចំនួន ៤០២,២៩៣នាក់ ទទួលបានចំណូលប្រមាណ ១៨,៩០លានដុល្លារអាមេរិកចាក់ចូលក្នុងសេដ្ឋកិច្ច»

ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិគឺជាយុទ្ធសាស្ត្រត្រឹមត្រូវ ដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខ របរថ្មីជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណី របស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ ល្បិចកលការញុះញង់របស់ ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

លោក នេត្រ ភក្ត្រា បានថ្លែងថា ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេង ទៀតឱ្យបានគង់វង្សសម្រាប់មនុស្ស រាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះ គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង និងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាលមានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើការងារការពារ និងអភិរក្ស ហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន សហគមន៍ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥,០០៣ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន៨ រួមមាន៖ ខេត្តរតនគិរី, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ, ខេត្តកំពត និងខេត្តកំពង់ឆ្នាំង។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួន ក្នុងតំបន់ការពារធម្មជាតិខ្ លះដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ»។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គោលនយោបាយនេះបានក្លាយជាការពិតហើយបាននឹងកំពុងតែអនុវត្ត និងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញដោយសក្តានុពលទេសចរណ៍។

សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជា៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ, សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី, ទេសចរណ៍ធម្មជាតិច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់, ជីផាត នៅខេត្តកោះកុងជាដើម។

ក្នុងនាមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួមរក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាត នៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ការអញ្ជើញមកទស្សនាកម្សាន្ត នៅតាមសហគមន៍ ទេសចរណ៍ធម្មជាតិនានានឹងជួយគាំទ្រ ដល់ការងារអភិរក្ស បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើតជម្រើសមុខរបរថ្មីដល់ប្រជាសហគមន៍ និងផ្តល់ចំណូលសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីកំណើនសេដ្ឋកិច្ចជាតិផងដែរ។ រដ្ឋេខាធិការក្រសួងបរិស្ថានរូបនេះ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ និងអរគុណដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានា៕