(កោះកុង)៖ ស្នងការដ្ឋាននគរខេត្តកោះកុង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកយុទ្ធនាការហ្វឹកហ្វឺនអនុវត្តន៍ជាក់ស្តែងដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃកងកម្លាំងនគរបាលជាតិ ខេត្តកោះកុង ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការបង្រ្កាបជនល្មើសដែលបង្កឡើង ឬភេវកម្មផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានឱ្យដឹងថា ដោយអនុវត្តន៍នូវអនុសាសន៍តាមបទបញ្ជានាយឧត្តមបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ បានឱ្យកងកម្លាំង នគរបាលជាតិហ្វឺកហ្វឺនជំនាញ ពិសេសដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃកងកម្លាំងនគរបាលជាតិ ដើម្បីពង្រឹងសមត្ថភាពឱ្យស្ទាត់ជំនាញ ក្នុងបង្ក្រាបជនល្មើសនៅពេល មានហេតុការណ៍កើតឡើងដោយមិនឱ្យជនល្មើសរត់រួច ឬតដៃមកលើសមត្ថកិច្ចបានឡើយ។

ឧត្តមសេនីយ៍ គង់ មនោ បានបន្តថា ការហ្វឹកហ្វឺននេះជាកាតព្វកិច្ចរបស់កងអន្តរាគមន៍ ដើម្បីការពារសុវត្ថិភាពប្រជាពលនៅពេលប្រជាពលរដ្ឋមានឧប្បវហេតុ ឬព្រឹត្តិការណ៍ណាមួយ ដែលជនជនល្មើសបានព្រឹត្តមកលើប្រជាពលរដ្ឋ ហេតុដូច្នេះកងអន្តរាគមន៍ត្រូវបំពេញកាតព្វកិច្ច និងការពារខ្លួនកុំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ក្នុងនោះដែរ ការជួយសង្រ្គោះប្រជាពលរដ្ឋ និងបង្ក្រាបជនសង្ស័យសមត្ថកិច្ចត្រូវប្រើប្រាស់អាវុធឱ្យបានស្ទាត់ជំនាញទៅតាមនីតិវិធីលោកគ្រូហ្វឹកហ្វាត់ពីជំនាញ ក្នុងការបង្រ្កាបជនល្មើស ពីព្រោះអាវុធបើប្រើប្រាស់មិនត្រូវជំនាញទេវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬក៏ធ្វើឱ្យជនល្មើសបកមកលើសមត្ថកិច្ចវិញជាដើម។

លោកស្នងការបានបន្ថែមថា ក្រោយមានការហ្វឹកហ្វឺនពីជំនាញពិសេសៗ លោកក៏មានគោលការណ៍បន្ថែមទៀត ដល់កងកម្លាំងនគរបាល គឺបង្កើនផលដំណាំកសិកម្មចិញ្ចឹមមាន់ ទាបន្ថែមទៀតក្នុងអង្គភាព ដើម្បីទុកសម្រាប់ក្នុងការដោះស្រាយម្ហូបអាហារ ក្នុងអង្គភាព ហើយលោកនឹងខិតខំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធភាព ក្នុងអង្គភាពឱ្យមានសោភណ្ឌភាព បង្កើនសាមគ្គីភាព និងភាពស្និតស្នាលឱ្យបានរឹងមាំ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យអស់ពីសមត្ថភាព៕