(ស្វាយរៀង)៖ នគរបាលក្រុងស្វាយរៀង បានចុះបង្ក្រាបជនសង្ស័យលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ករណីលួចម៉ូតូដែលកើតឡើងព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ សុខ ទី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ជនសង្ស័យបានលួចយកម៉ូតូ ១គ្រឿង ម៉ាក Zoomer-X សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ-បៃតង ពាក់ផ្លាកលេខស្វាយរៀង 1F-1983 របស់ឈ្មោះ គង់ សុផុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្រ្តីរាជការ មានទីលំនៅភូមិ-សង្កាត់ កើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីធ្វើសកម្មភាព ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនទៅទិសខាងកើត ហើយក៏ត្រូវម្ចាស់ផ្ទះស្រែកឲ្យប្រជាពលរដ្ឋនៅក្បែរនោះ ជួយជិះម៉ូតូដេញតាមពីក្រោយ និងបានរាយការណ៍មកនគរបាលជួយអន្តរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ បានចេញដេញតាមជនសង្ស័យរហូតដល់មុខអតីតបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង ជនសង្ស័យក៏ផ្តួលម៉ូតូចោល ររួចរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមច្បាប់៕