(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងថា ត្រី ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរ ហើយត្រី ក៏ជាអាហារសម្បូរទៅដោយជីវជាតិសំខាន់ៗជាច្រើន សម្រាប់បំប៉នកុមារឲ្យធំធាត់ និងមនុស្សពេញវ័យ ដោយមិនអាចខ្វះបាន។

ថ្លែងក្នុងឱកាសចូលរួមកម្មវិធីប្រគំតន្ត្រីផ្សព្វផ្សាយអំពីសារៈប្រយោជន៍ប្រព័ន្ធជលផលតាមវាលស្រែ និងការបរិភោគត្រីល្អិត ដែលរៀបចំឡើងដោយ អង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) ឧបត្ថម្ភគាំទ្រដោយយូអេសអេអាយឌី (USAID) តាមរយៈអង្គការវើលហ្វីស (WorldFish) នារាត្រីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានចាត់ទុកថា សកម្មភាព នៃគម្រោងបង្កើតធនធានជលផល​ តាមវាលស្រែ ដែលបានអនុវត្តធ្វើការកែលម្អបរិស្ថានបឹង ចំនួន១០កន្លែង គឺនៅស្រុកក្រគរ ស្រុកភ្នំ ក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ឲ្យមានលក្ខណៈសមស្រប តាមបច្ចេកទេសអភិរក្សពូជត្រី និង ធ្វើឲ្យសម្បូរត្រីនៅតាមវាលស្រែ ប្រឡាយ បឹង បួរ ស្ទឹង ស្រះ អូរ និងព្រែក នៅរដូវមានទឹក ព្រមទាំងបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការនេសាទ សម្រាប់ចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារ។

លោក បានបន្តទៀតថា ខេត្តពោធិ៍សាត់ជាខេត្តមួយ ជាប់បឹងទន្លេសាប តែទោះជាយ៉ាងនេះក្តី ស្ថានភាពបឹងទន្លេសាបសព្វថ្ងៃ បានទទួលរងឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃចំនួនប្រជាពលរដ្ឋ បានទៅរស់នៅលើផ្ទៃទឹកផង និង ការកើនឡើងនៃតម្រូវការទទួលទានត្រីផង។ ដោយឡែកការចូលរួមរក្សាការពារធនធានធម្មជាតិ របស់ប្រជាពលរដ្ឋយើង គឺនៅមានកម្រិតក៏ដូចជាការថយចុះ នៃបរិមាណទឹកហូរចូល ជាកត្តានាំរបបទឹកបឹងទន្លេសាប មិនមានភាពទៀងទាត់ គឺរាក់ជាងមុន នាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រី។

លោកអភិបាលរងខេត្តបានថ្លែងទទូចប្រជាពលរដ្ឋ កុំឲ្យប្រព្រឹត្តបទល្មើសនានា ដើម្បីរក្សាត្រីទុកសម្រាប់ជាអាហាររបស់មនុស្ស «សព្វថ្ងៃប្រជាពលរដ្ឋយើង ចូលចិត្តបរិភោគត្រី ច្រើនជាងសាច់ ព្រោះត្រីល្អិត មានដូចជាត្រីចង្វារ ត្រីកំភ្លាញ និង ត្រីក្រឹម ។ល។ ...គឺមានជីវជាតិសំខាន់ច្រើន សម្រាប់ជួយដល់ការរីកធំធាត់របស់មនុស្ស ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានជលផល របស់យើងឲ្យបានគង់វង្ស កុំប្រពឹត្តបទល្មើស ដូចជាឆក់ ការកាប់រានព្រៃលិចទឹក និង ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ព្រមទាំងបានសំណូមពរដល់ម្ចាស់ជំនួយ និងអង្គការអភិវឌ្ឍន៍នារីខ្មែរ ខេត្តពោធិ៍សាត់ គប្បីពង្រឹងនូវគម្រោងនេះ ទៅបណ្តាឃុំសង្កាត់ស្រុក ក្រុង ក្នុងខេត្តជាបន្តទៀត»

ក្នុងកម្មវិធីប្រគំតន្ត្រីផ្សព្វផ្សាយអំពី សារៈប្រយោជន៍ប្រព័ន្ធជលផលតាមវាលស្រែ និងការបរិភោគត្រីល្អិត ដែលមានការចូលរួមបង្ហើរសំនៀងពីលោក ប៊ុត សីហា ម្ចាស់ពាន «The Voice» និងកញ្ញា ចម្រើន សុភក្ត្រ កាលពីយប់មិញនេះ ក៏មានធ្វើបទបង្ហាញអំពី សារៈប្រយោជន៍ប្រព័ន្ធធនធានជលផល តាមវាលស្រែ ដែលមាន៣ចំណុចសំខាន់ៗ គឺវាលស្រែ ជាផ្លូវចេញចូលរបស់ត្រី រីឯបឹង និងស្រះ ជាកន្លែងត្រីបន្តពូជ ពងកូន រកចំណី និងលូតលាស់។

សូមបញ្ជាក់ថា សព្វថ្ងៃវាលស្រែបាននិងកំពុងរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត ការប្រើថ្នាំគីមីក្នុងវិស័យកសិកម្ម មិនសមស្រប និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាដើម ដែលជាហេតុនាំឲ្យប៉ះពាល់ដល់ផលត្រី។ ដើម្បីចូលរួមថែរក្សាត្រីឲ្យបានគង់វង្សនោះ ទាំងអង្គការ និង ម្ចាស់ជំនួយ បានរៀបចំកម្មវិធីអប់រំជាច្រើន ក្នុងគោលបំណងផ្សព្វផ្សាយឲ្យទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បង្កើនការយល់ដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិរក្ស ការចិញ្ចឹម និងការបរិភោគត្រីល្អិតទាំងនោះ ផ្ទុកដោយសារធាតុប្រូតេអ៊ី កាល់ស្យូម ជីវជាតិអា ជាតិស័ង្កសី និងជាតិដែក៕