(ព្រះសីហនុ)៖ បន្ទាប់ពីចែកអំណោយមនុស្សធម៌ជូនពលរដ្ឋនៅតាម ក្រុងស្រុកនានាក្នុងខេត្តរួចមក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន៦៤៧គ្រួសារ។

លោក គួច ចំរើន បានកោតសរសើរប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាក ក្នុងការចូលរួមចំណែក ក្នុងរៀបសណ្តាប់ធ្នាប់ក្រុងភូមិឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា។

លោក គួច ចំរើន គូសបញ្ជាក់ថា កាកបាទក្រហមតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កន្លែង គ្រប់កាលៈទេសៈទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

លោកក៏បានថ្លែងអំណរគុណដល់សប្បុរសទាំងអស់ ដែលបានចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្ត ទាំងសម្ភារ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផេ្សងៗ។

អំណោយដែលចែកជូនរួមមាន៖ អង្ករ ១បាវ ត្រីខកំប៉ុង ១យួរ ១០កំប៉ុង មី ១កេសតូច ពងមាន់ ៣០គ្រាប់ និងថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)៕