(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៌ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅទិសយោធភូមិភាគទី៣ ខណៈដែលរដូវរងាបាន និងកំពុងឈានមកដល់នាពេលដ៍ខ្លីខាងមុខ។

ពិធីចែកអាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រារព្ធធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

នៅចំពោះមុខកងកម្លាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមេបញ្ជាការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទនៅតាមអង្គភាពនីមួយៗ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការងារហ្វឹកហ្វឺន កសាងអង្គភាព។

នាយឧត្តមសេនីយ៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកងកម្លាំង និងតែងជំរុញការដោះស្រាយ រាល់បញ្ហារបស់បងប្អូនកងកម្លាំងយើង។ ជាក់ស្ដែងកន្លងមកនេះ សម្តេចតែងបានចាត់តំណាងឲ្យនាំយកអាវភ្លៀងផ្តល់ជូនមុននៅរដូវភ្លៀង និង ផ្តល់អាវរងានៅមុនរដូវរងាមកដល់។

ក្រៅពីការបង្ហាញនូវការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ព នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏នៅបានលើកបង្ហាញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និង ការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនអគតិណាមកបំផ្លិចបំផ្លាញនោះឡើយ។

នាយឧត្ដមសេនីយ៍ បានបន្តលើកឡើងថា សុខសន្តិភាពដែលកំពុងកើតមាននៅកម្ពុជានេះ គឺបានដោយលំបាក ដោយការធ្វើពលិកម្មរាប់មិនអស់ និងមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត។

បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ បានថ្លែងគុណដល់កងកម្លាំងទាំងអស់អស់ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយ ប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលផងដែរ។

ឧត្ដមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ តំណាងកងឲ្យកងកម្លាំងទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ជូនសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំង ធ្វើឲ្យកងកម្លាំងមានភាពកក់ក្ដៅ ព្រមទាំងបានប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ចលើការដឹកនាំរបស់សម្តេចតេជោ៕