(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសរបស់កម្ពុជាប្រចាំ នៅអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានទទួលលិខិតអញ្ជើញជាផ្លូវការរបស់ លោក Yousef A. al Othaimeen អគ្គលេខាធិការអង្គការ OIC នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០កន្លងទៅ អញ្ជើញក្នុងនាមបេសកជនពិសេសរបស់កម្ពុជា ទៅចូលរួមសម័យប្រជុំកំពូលលើកទី៤៧ នៃក្រុម្រឹក្សារដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសសមាជិកអង្គការ OIC នៅសាធារណរដ្ឋនីហ្សេ ថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នេះជាលើកទី១ហើយដែលកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងសម័យប្រជុំកំពូលនេះ បន្ទាប់ពីមានការទទួលស្គាល់ លោកជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរឡើងរបស់កម្ពុជា ជាមួយអង្គការ OIC ក៏ដូចជាជាមួយនឹងប្រទេសទាំង៥៧ ដែលជាសមាជិក។

គួរបញ្ជាក់ថា កន្លងមកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏ធ្លាប់បានជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសម្ចាស់ផ្ទះខាងលើ លោក Brigi Fafini ក្នុងកិច្ចប្រជុំពូលពិភពលោក ២០២០ នៅប្រទេសកូរ៉េ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងជំនួបនោះ លោក អូស្មាន ហាស្សាន់ បានសន្យាថា នឹងអញ្ជើញចូលរួមក្នុងសម័យប្រជុំកំពូលលើកទី៤៧ នៃក្រុមប្រឹក្សាថ្នាក់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមាជិក ចំនួន៥៧ ដែលនីហ្សេនឹងធ្វើជាម្ចាស់ផ្ទះ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ប៉ុន្តែជាការសោកស្តាយ ដោយសារតែក្នុងកាលៈទេសៈបច្ចុប្បន្ននេះ មានការលំបាកក្នុងការធ្វើដំណើរ ដោយត្រូវផ្ទេរជើងយន្តហោះច្រើនកន្លែង ដែលអាចមានហានិភ័យខ្ពស់ ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ លោកបានឆ្លើយតបលិខិតជាផ្លូវការ ទៅអគ្គលេខាធិការ OIC សូមការធ្យាស្រ័យ និងយោគយល់ចំពោះការអាកខានមិនបានចូលរួមសម័យប្រជុំលើកនេះ ហើយសន្យានឹងចូលរួមក្នុងសម័យប្រជុំលើកក្រោយ៕