(កណ្តាល)៖ ម្ចាស់ផ្សារសំរោងធំ លោកស្រី ឃ្លាំង សំបូរ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញនូវសេចក្តីជូនដំណឹងមួយពាក់ព័ន្ធទៅនឹងការត្អូញត្អែរបស់ក្រុមអាជីវករដែលថា «ដំណាក់កាលកូវីដ -១៩ លក់ដូរក៏មិនសូវដាច់ ហើយម្ចាស់អ្នកវិនិយោគផ្សារឯកជន តម្រូវឱ្យពួកគាត់បង់លុយលើសសមត្ថភាពទៀត»

ក្នុងលិខិតជូនដំណឹង លោកស្រីបានបំភ្លឺថា ក្នុងនាមជាម្ចាស់ ផ្សារសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោកស្រីបានសម្របសម្រួលបន្ធូរបន្ថយតម្លៃឈ្នួលប្រចាំខែ ហើយកន្លែងលក់ដូរក្នុងផ្សារកន្លងមក គឺក្រុមអាជីវករមានការឯកភាពគ្នាជាមួយ និងម្ចាស់ផ្សារដោយគ្មានការបង្ខិតបង្ខំ។ ប៉ុន្តែក្រោយមកមានការចុះផ្សាយខុសពីការពិតដោយមានដាក់ចំណងជើងបែបលេបខាយ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រីក្នុងនាមជាម្ចាស់ផ្សារ។

ក្នុងចំណុចនេះលោកស្រីបានជូនដំណឹងដល់ក្រុមអាជីវករដែលគិតថា តម្លៃប្រចាំខែដែលមានការព្រមព្រៀងគ្នារួចមកហើយ តែមិនមានលទ្ធភាពបង់ តម្លៃឈ្នួលប្រចាំខែទេនោះ ក្នុងនាមលោកស្រីជាម្ចាស់ផ្សារសុខចិត្តប្រគល់ប្រាក់កក់កន្លែងជូនអាជីវករវិញគ្រប់ចំនួន ដោយមិនបង្ខិតបង្ខំក្រុមអាជីវករលក់ដូរនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែតុលា មានសារព័ត៌មានមួយចំនួន បានចុះផ្សាយថា ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាច្រើននាក់បាននាំគ្នាត្អូញត្អែថា ដំណាក់កាលកូវីដ-១៩ លក់ដូរក៏មិនសូវដាច់ ហើយម្ចាស់អ្នកវិនិយោគផ្សារឯកជន តម្រូវឱ្យពួកគាត់បង់លុយលើសសមត្ថភាពទៀត។

តែយ៉ាងណាក៏ដោយ លោកស្រី ឃ្លាំង សំបូរ បានលើកឡើងថា អាជីវករទាំងអស់បានព្រមព្រៀងឯកភាពមានកិច្ចសន្យាអស់ហើយ គ្មានអ្នកណាតវ៉ាទេ។ លោកស្រីសូមគោរពអរគុណដល់អាជីវករទាំងអស់ ដែលបានជម្នះឧបសគ្គជាមួយគ្នាជារៀងរហូតមក។ លោកស្រី អំពាវនាវដល់អាជីវករទាំងអស់ប្រសិនបើមានបញ្ហាអ្វីមិនសប្បាយចិត្តនៅកន្លែងលក់ដូរ សូមជួបជាមួយលោកស្រី ដើម្បីរិះរកវិធីសាស្ត្រដោះស្រាយរួមគ្នា៕