(ភ្នំពេញ)៖ ភាពយន្តឯកសារប្រវត្តិសាស្រ្ត «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» នឹងត្រូវដាក់សម្ពោធនៅវេលាម៉ោង៧យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើបណ្តាញផ្សព្វផ្សាយនានារបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ នេះបើយោងតាមការផ្សព្វផ្សាយជាសាធារណៈ លើទំព័រ មូលនិធីម៉ានី (The Many Foundation) នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមរយៈការបង្ហោះនោះដែរ បានបញ្ជាក់ថា ភាពយន្តឯកសារប្រវត្តិសាស្រ្តនេះ គឺជាគម្រោងផ្តួចផ្តើមឡើងដោយ មូលនិធិម៉ានី (The Many Foundation) ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងនយោបាយ ឈ្នះ ឈ្នះ បន្ថែមដល់សាធារណជន និងឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃការអនុវត្ត និងឥទ្ធិពលនៃនយោបាយឈ្នះ ឈ្នះ មកលើសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។

នារយៈកាលកន្លងមក មូលនិធិម៉ានី បានបង្ហោះវីដេអូខ្លីជាបន្តបន្ទាប់ ដើម្បីបង្ហាញនូវតួអង្គសំខាន់ៗ នៃភាពយន្តឯកសារប្រវត្តិសាស្ត្រ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» រួមជាមួយនឹងសម្រង់ប្រសាសន៍ដែលពាក់ព័ន្ធនឹងនយោបាយឈ្នះ ឈ្នះ។

តួអង្គដែលបានរំលេចសុទ្ធសឹងតែជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ក្នុងនោះរួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕