(សេអ៊ូល)៖ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានរាយការណ៍មកថា កូរ៉េខាងជើង បាននឹងកំពុងតែត្រៀមសាកល្បងបាញ់​នុយក្លេអ៊ែរ លើកទី៥ នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពី​ទទួលបាន​ជោគជ័យទៅលើការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន និង​ការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយ​ឆ្ងាយ។

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ​នៅ​ភាគខាងត្បូងនៃប្រទេស ដោយមីស៊ីលនោះ ត្រូវបានសារព័ត៌មានជប៉ុនរាយការណ៍ថា បានធ្លាក់​នៅក្បែរកោះមួយក្នុងដែនសមុទ្រ​រវាងប្រទេសទាំងពីរ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយនៅមុននេះបន្ដិច។

កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ កូរ៉េខាងជើង បានប្រកាសថា ខ្លួនទទួលបានជោគជ័យក្នុង​ការ​បំផ្ទុះគ្រាប់បែកអ៊ីដ្រសែល ហើយគ្រាប់បែកនេះ ត្រូវបានកូរ៉េខាងជើង អះអាងថា អាចកម្ទេចសហរដ្ឋ​អាមេរិកបានទាំងមូល។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ កូរ៉េខាងជើង បានបាញ់សាកល្បងរ៉ូកែតរយៈចម្ងាយឆ្ងាយ ប៉ុន្តែក្រុមអ្នកជំនាញបានសន្និដ្ឋានថា ការបាញ់សាកល្បងនោះមិនទទួលបានជោគជ័យទេ ព្រោះ​តែរ៉ូកែតនោះបានធ្លាក់នៅក្បែរសមុទ្រជប៉ុន៕