(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការជំរុញផលិតផលក្នុងស្រុក លោក គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់អនុសាសន៍៥ចំណុច ដល់សិប្បកម្ម និងម្ចាស់ផ្សារទំនើប និងក្រុមហ៊ុនសេវាដឹកជញ្ជូនក្នុងស្រុក ដើម្បីដោះស្រាយ និងផ្តល់ឱកាសដល់សហគ្រាស សិប្បកម្ម ក្នុងស្រុក ជាពិសេសវិស័យចំណីអាហារ មានឱកាសបានដាក់ដឹងលក់ និងធ្វើការប្រកួតប្រជែង ជាមួយផលិតផលនាំចូលពីក្រៅប្រទេស។

កិច្ចប្រជុំនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក គឹម ទូច បានលើកឡើងថា ចំណុច៥ដែលអាចដោះស្រាយ និងលើកទឹកឱកាសដល់សហគ្រាស សិប្បកម្មក្នុងស្រុកបានរួមមាន៖
*ទី១៖ ការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (តម្លៃអគ្គិសនី, ការប្រកួតប្រជែងមិនស្នើភាព, ទំនិញនាំចូលពីបរទេស។ល។)
*ទី២៖ ការពង្រឹងគុណភាពផលិតផលសម្រាប់ទីផ្សារក្នុងស្រុក ពិសេសទីផ្សារទំនើប
*ទី៣៖ ការពង្រឹងការកែលំអការវេចខ្ចប់ផលិតផល
*ទី៤៖ ការលើកជាពាក្យស្លោកសម្រាប់ការលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក (ខ្មែរគាំទ្រផលិតផលខ្មែរ ឬផលិតផលខ្មែរថែសេដ្ឋកិច្ចជាតិ)
*ទី៥៖ ការស្វែងរកទីផ្សារក្នុងស្រុកដោយផ្តោតលើគុណភាព និងស្តង់ដារជាមូលដ្ឋាន។

លោករដ្ឋលេខាធិការ បានបន្ដទៀតថា ចំណុចទាំង៥នេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការដោះស្រាយបញ្ហា និងសម្របសម្រួលឲ្យមានការផ្តល់ឱកាស ឲ្យផលិតផលក្នុងស្រក ពិសេសវិស័យម្ហូបអាហារ និងមិនមែនម្ហូបអាហារ បានដាក់តាំងលក់ក្នុងទីផ្សារទំនើប ដែលមានវត្តមាននៅក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។

ក្នុងនាមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាអាណាព្យាបាលរបស់សហគ្រាស និងសិប្បកម្មនៅក្នុងប្រទេសកម្ពុជា បានពិភាក្សាជាមួយម្ចាស់ ឬតំណាងផ្សារទំនើប ដើម្បីផ្តល់លទ្ធភាពបន្ធូរបន្ថយ នឹងស្វែងរកលក្ខខណ្ឌតម្រូវស្តង់ដារសមស្របណាមួយ ដែលអាចអនុគ្រោះ ដល់សហគ្រាស និងសិប្បកម្មក្នុងស្រុក អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឈានជើងចូលទីផ្សារទំនើបនានា ដើម្បីប្រកួតប្រជែងជាមួយ ផលិផលនាំចូលពីក្រៅប្រទេស។

អគ្គនាយក នៃអគ្គនាយកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម លោក ហ៊ត ផេង បានបញ្ជាក់ថា បច្ចុប្បន្ន សហគ្រាសខ្នាតតូច និងមធ្យមមួយចំនួនធំ បាននិងកំពុងព្យាយាមប្រឹងប្រែងកែច្នៃគុណភាពផលិតរបស់ខ្លួន ឲ្យទទួលបាននូវគុណភាពស្តង់ដារ ទាំងការរចនាការវិចខ្ចប់ស្លាកសញ្ញាផលិតផលបានយ៉ាងល្អ តែបញ្ហាមួយចំនួនបានជួបប្រទះ ក្នុងការទន្រ្ទានចូលទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដោយសារកត្តាមួយចំនួនដូចជា ការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាដើម។ ដូច្នេះកិច្ចប្រជុំថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយគាំទ្រជំរុញផលិតផលក្នុងស្រុក។

លោកបានសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ បង្កើតការងារ បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ និងជំរុញកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើន នៃវិស័យឯកជនយ៉ាងខ្លាំង ដូចនេះអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម សំណូមពរដល់ម្ចាស់ផ្សារទំនើបក្នុងស្រុក ក៏ដូចជាក្នុងរាជធានីភ្នំពេញ និងពិចារណា សម្របសម្រួលនូវលក្ខខណ្ឌស្មុគស្មាញមួយចំនួន ដើម្បីផ្តល់ឱកាសដល់សហគ្រាសកម្មន្តសាល ពិសេសផ្នែកម្ហូបអារហារ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត បានដាក់តាំងលក់ផលិតផលរបស់ខ្លួន នៅតាមទីផ្សារទំនើបនានា។

ក្នុងកិច្ចពិភាក្សានោះផងដែរ លោក ឈា ឡាយហ៉ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានធ្វើបទបង្ហាញស្តីពីបញ្ហាប្រឈម និងផលពិបាកនានា របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែករកទីផ្សារ បច្ចេកទេសផលិត ការរចនាសំបកវេចខ្ចប់ និងការទាញយកជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់ផងដែរ។
លោកប្រធាននាយកដ្ឋានរូបនេះ ក៏បានលើកពីផែនការយុទ្ធសាស្រ្តរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជាប្រមុខដឹកនាំ បានចង្អុលបង្ហាញដើម្បីជួយជំរុញផលិតផលខ្មែរ ក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូល ទាំងគុណភាព សុវត្តិភាព និងសំបកវេចខ្ចប់ឲ្យកាន់តែប្រសើរឡើង។

លោក ឈា ឡាយហ៉ី នឹងធ្វើការងារផ្ទាល់ជាមួយវិស័យឯកជន ដែលជាម្ចាស់ផ្សារទំនើបទាំងអស់ ដើម្បីកំណត់លក្ខខណ្ឌតម្រូវនានា ក្នុងការជួយសម្របសម្រួល ឲ្យផលិតផលក្នុងស្រុកអាចដាក់តាំងលក់នៅលើទីផ្សារបាន។ លោកប្រធាននាយកដ្ឋាន បានបន្ថែមថា ជាជំហានបន្ទាប់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងខិតខំធ្វើយ៉ាងណាឲ្យផលិតផលផលិតក្នុងស្រុក មានការទទួលស្គាល់កាន់តែច្រើនឡើងនៅលើទីផ្សារក្នុងស្រុក និងផែនការយុទ្ធសាស្រ្ត ក៏ដូចជារៀបចំយន្តការច្បាស់ក្នុងការលើកកម្ពស់ និងជំរុញផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ ភាគីតំណាងផ្សារទំនើប បានលើកឡើងពី បញ្ហាប្រឈមរបស់គាត់ក្នុងការដាក់តាំងលក់ផលិតផលក្នុងស្រុក ដោយសារតម្លៃផលិតផលក្នុងស្រុក នៅខ្ពស់ជាងផលិតផលនាំចូល ព្រមទាំងការវេចខ្ចប់នៅមានកម្រិត និងតម្លៃការរៀបចំ Bar Code និងសំណូមពរដល់ក្រសួងក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម។ កាត់បន្ថយថ្លៃដើម បច្ចេកទេសវេចខ្ចប់និងការរក្សាទុក។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការជំរុញផលិតផលក្នុងស្រុកនេះ មានការចូលរួមពីផ្សារទំនើបចំនួន១០ រួមមានផ្សារទំនើបបាយ័ន, ផ្សារទំនើបថៃហ៊ួត, ផ្សារទំនើប Prince Plaza, Yes Mart, ផ្សារទំនើបម៉ាក្រូ, ផ្សារទំនើប AEON Cambodia Co.,Ltd, ផ្សារ Total mart , ក្រុមហ៊ុនដឹកជញ្ជូន អាហារតាម Online E-Get និងក្រុមហ៊ុនដឹកជញ្ជូនអាហារ NHAM 24។

ជាមួយគ្នានោះ មានសមាគមន៍អាជីវកម្មចូលរួម ចំនួន០៦ រួមមាន សភាពាណិជ្ជកម្ម សមាគមអ្នកផលិតចំណីអាហារ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមអ្នកទីផ្សារកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ស្ថិតិសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល នៅកម្ពុជា គិតពីឆ្នាំ២០១៦ រហូតមកដល់ខែកញ្ញាឆ្នាំ២០២០ មានចំនួន៥២,១៥៤មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបជាង១លាននាក់។ ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ដែលពិភពលោក និងកម្ពុជាផ្ទាល់ បានទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ពីជំងឺរាតត្បាតកូវីដ-១៩ វិស័យសហគ្រាសធុនតូច និងមធ្យម ត្រូវបានព្យួ និងបិទដំណើរប្រមាណ ១៥,១៥៧មូលដ្ឋាន នៅទូទាំងប្រទេសកម្ពុជា៕