(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងឱកាសលោករដ្ឋមន្ត្រីហុងគ្រី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី។ ភាគីទាំងពីរ បានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ របស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។

ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០២១ ខាងមុខ។

នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាព នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលទោះបីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែមានសក្ដានុពលខ្ពស់ ក្នុងការពង្រីកកាន់តែច្រើនឡើង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការតាំងពិព័រណ៍មុខទំនិញ ដោយចូលរួមយ៉ាងសកម្ម ពីវិស័យឯកជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រី ឲ្យវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីទទួលប្រយោជន៍ទីផ្សារ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់ពីគោលបំណង ក្នុងដំណើរទស្សនកិច្ចរបស់លោក រួមមាន៖

១៖ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ
២៖ ការចុះហត្ថលេខាលើអនុស្សរណៈចំនួន២ (វិស័យកសិកម្ម និងគ្រប់គ្រងធារាសាស្រ្ត) និងកិច្ចព្រមព្រៀងចំនួន ១ ស្តីពីសេវាកម្មអាកាសចរណ៍
និង៣៖ ការបង្ហាញពីការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវគោលដៅរួមនៃការបង្កើនទំហំពាណិជ្ជកម្ម។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានបង្ហាញពីភាពសោមន្សក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅប្រទេសកម្ពុជាផងដែរ៕