(បន្ទាយមានជ័យ)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំបើកវគ្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេសជូនដល់បណ្តាអាជីវករ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលសហការរៀបចំឡើងដោយនាយដ្ឋានអភិវឌ្ឍទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្ត។

សិក្ខាសាលានេះ បានធ្វេីឡើងក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្ត និងជាតំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក អ៊ូច សាវិន ប្រធាននាយកដ្ឋាន នាយដ្ឋានអភិវឌ្ឍទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម រួមនឹងមានការចូលរួមពីសំណាក់មន្ទីរពាណិជ្ជកម្ម អង្គភាព ស្ថាប័នពាក់ព័ន្ធ បណ្តាអាជីវករ សហគ្រាសនៅក្នុងខេត្តបានចូលរួមធ្វើឡេីងសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាមានសារសំខាន់ណាស់ គឺក្នុងគោលបំណងដើម្បីជំរុញ និងបង្កើនការផលិត ការច្នៃប្រឌិតបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនដល់បងប្អូនកសិករ ផលិតករ ពាណិជ្ជករ សមាគម សហគ្រិន ក្នុងមូលដ្ឋានតាមបណ្តាភូមិ-ឃុំ ស្រុកនៃខេត្តបន្ទាយមានជ័យទាំងមូល។ លើសពីនេះជួយទប់ស្កាត់ការធ្វើចំណាក់ស្រុកខុសច្បាប់ និងរួមចំណែកការកាត់បន្ថយភាពក្រីក្រ ជំរុញសកម្មភាពពាណិជ្ជកម្មសំដៅធ្វើការនាំចេញនៅនឹងកន្លែង និងការនាំចេញទៅកាន់ទីកាន់ទីផ្សារក្រៅប្រទេស បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

លោក លី សារី ក៏បានលើកឡើងថា យុទ្ធសាស្រ្តជំរុញផលិតផលចូលទីផ្សារបានដោយផ្តុំទៅលេីគុណភាព, តម្លៃ, សមត្ថភាពផលិត/បរិមាណ, ការវេចខ្ចប់ និងរចនាម៉ូត, សុវត្ថិភាពផលិតផល, ស្តង់ដា, ម៉ាក/ស្លាកយីហោ/ពាណិជ្ជកម្ម, លេខបាកូដ, ថ្ងៃ ខែ ឆ្នាំផលិត និងផុតកំណត់, ពិព័រណ៍ពាណិជ្ជកម្ម, ការតាំងបង្ហាញផលិតផលខ្មែរ, សេវាកម្ម និងការផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច ទូរទស្សន៍/អនឡាញ ជាដើម-ល-។

បើតាមលោក អ៊ូច សាវិន បានបញ្ជាក់ថា តាមរយៈវគ្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស គីមានគោលបំណងចំនួន៣ រួមមានទី១៖ ពង្រឹងគុណភាព អនាម័យ សុវត្ថិភាព វេចខ្ចប់ ដាក់ស្លាកសញ្ញា ម៉ាក បាកូដសម្គាល់ ស៊ីជម្រៅ និងទូលាយ ក្នុងក្របខ័ណ្ឌទូទាំប្រទេស, ទី២៖ ផ្សព្វផ្សាយ និងជំរុញចលនាមហាជនទូទៅប្រើប្រាស់ផលិតផលខ្មែរ និងទី៣៖ ក្រសួងបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលផលិតករ សិប្បករកម្ពុជាលើកិច្ចការអភិវឌ្ឍផលិតផល និងយុទ្ធសាស្រ្តជ្រៀតចូលទីផ្សារ។

តាមរយៈសិក្ខានោះដែរ ក៏មានបង្ហាញពីគន្លឹះក៏ដូចជាបទពិសោធន៍ ពីបណ្តាវាគ្មិនមកពីបណ្តាក្រុមហ៊ុន សហគ្រាស ហេីយក៏មានការចោទសួជាសំណួរ ពីសំណាក់បណ្តាអាជីវករ សហគ្រាសនៅក្នុងខេត្តដែលបានចូលរួមផងដែរ៕