(បន្ទាយមានជ័យ)៖ មកទល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលបានស្គាល់អត្តសញ្ញាណ ស្ត្រីរងគ្រោះដែលរងអំពើឃាតកម្មដ៏ព្រៃផ្សៃកាប់ចិញ្ច្រាំសុះផ្ទៃមុខ ដែលគេប្រទះឃើញ ស្លាប់កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីលានចាក់សំរាម ក្បែរស្ពានរាគអាចម៍ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ ស៉ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងថា សពស្ត្រីរងគ្រោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី មកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ លោកបានបន្តថា យោងតាមម្តាយ និងសាច់ញាតិ គឺជនរងគ្រោះបានចំណាកស្រុកមករស់នៅ និងធ្វើការនៅក្រុងសិរីសោភ័ណច្រើនឆ្នាំមកហើយ ក្នុងនោះធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរ តែមានបញ្ហាលួចរបស់គេ ក៏ត្រូវដេញចេញ ហើយបានទៅធ្វើការនៅកន្លែងផលិតទឹកសុទ្ធនេះ។

នៅទីនោះ នាងមានទំនាក់ទំនាក់ស្នេហា និងរស់នៅដូចប្តីប្រពន្ធជាមួយបុរសពោះម៉ាយម្នាក់ ដែលជាកម្មករធ្វើការជាមួយគ្នា ប៉ុន្តែគូស្នេហ៍ដែលយកប្តី ប្រពន្ធចិត្តឯងនេះ មិនចុះសម្រុងនឹងគ្នានោះឡើយ។ សមត្ថកិច្ចបានបន្តថា ពីមុននិងក្រោយឃាតកម្ម មកទល់ពេលនេះ បុរសនោះបានបាត់ខ្លួន។

សូមរំលឹកថា នៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ សពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងទឹកវាលស្រែ ចំណុចខាងត្បូងស្ពានភ្នំតុប ហៅស្ពានរាគអាចម៍ ចម្ងាយ១៥០ម៉ែត្រ ខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិត ក្នុងភូមិក្បាលស្ពានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះមានពលរដ្ឋម្នាក់ឈ្មោះ អាង សួ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចខាងលើ។ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវ ក៏យកដៃទៅចាប់ទាញ ស្រាប់តែឃើញដៃសពជនរងគ្រោះផុសចេញមក ហើយក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។

ក្រោយមកទៀតលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យយ៉ាងយកចិត្តទុកដាក់។ នៅលើខ្លួនសពមានស្នាមចាក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុងដង្ហើម១កន្លែង ដើមកខាងស្តាំ១កន្លែង និងស្នាមឆូតលើផ្ទៃជាច្រើនកន្លែង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងទៀតថា សពពាក់អាវយឺតពណ៌ក្រហមដៃវែង ខោពណ៌ជើងវែងកីឡា។ ក្នុងនោះ សមត្ថកិច្ចនៅកន្លែងកើតហេតុ បានរកឃើញវ៉ែនតានៅជាប់នឹងខ្លួន១ និងកូនកាំបិតចុងស្រួច។

បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ គឺជាករណីឃាតកម្មទុកជាមុន តែនៅមិនទាន់ដឹងថាជាករណីគំនំ ប្លន់យកទ្រព្យសម្បតិ្ត ឬជាករណីស្នេហាត្រីកោណនោះឡើយ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខឃាតក ដែលសម្លាប់ស្ត្រីយ៉ាងឃោរឃៅនេះ យកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាន៕