(ព្រៃវែង)៖ ដោយសារការរីករាលដាលនូវជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាយើងក៏បានរុញឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុក តែរំពឹងថា ឆ្នាំក្រោយអាចងើបឡើងវិញ។ នេះជាការលើកឡើងរបស់លោក វ៉ាន សំអឿន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងសិក្ខាលាសាចែករំលែកចំណេះដឹងស្តីពី គោលគំនិតនៃការអភិវឌ្ឍន៍សហគមន៍ នៅខេត្តព្រៃវែង។

លោកបន្តថា តាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ យ៉ាងគំហុក ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ នៅឆ្នាំ២០២០នេះ នៅត្រឹម ២.៥ភាគរយ។ លោកថា ការធ្លាក់ចុះនេះនៅឆ្នាំ២០២០ ក៏ប៉ុន្តែនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជារំពឹងថា វានឹងកើនឡើង វិញដោយផ្អែកតាមសន្ទុះសេដ្ឋកិច្ចដូចកាលឆ្នាំ២០០៨ មនុស្សម្នាក់បានចំណូលប្រចាំឆ្នាំត្រឹម៧៦០ដុល្លារ ដល់ឆ្នាំ២០១៩ មនុស្សម្នាក់បានចំណូលប្រចាំឆ្នាំរហូតដល់ ១៦៧៩ដុល្លារ ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

លោកថ្លែងទៀតថា ការជួបប្រជុំគ្នានេះមាន មន្ត្រីជំនាញពីក្រសួងអភិវឌ្ឍន៍ជនបទ តាមបណ្តាខេត្ត រាជធានី មានគោលបំណង រួមមាន៖

* ចែករំលែកចំណេះដឹងដល់ មន្ត្រីទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូ ដែលកំពុងអនុវត្តសកម្មភាពអភិវឌ្ឍន៍សហគមន៍ និងពង្រឹងសមត្ថភាព គ.អ.ភ

* កំណត់ធាតុចូលស្តីពី គោលគំនិតនៃការអភិវឌ្ឍសហគមន៍ សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ និងសម្រាប់គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ

* ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ទាក់ទងនឹងការងារអភិវឌ្ឍន៍សហគមន៍ និងការពង្រឹងសមត្ថភាព គ.អ.ភ និងកំណត់ផែនការសកម្មភាពអភិវឌ្ឍន៍សហគមន៍ សម្រាប់មន្ត្រីទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត៕