(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា គុណភាពខ្យល់នៅទូទាំងប្រទេស ស្ថិតនៅក្រោមស្តង់ដារ ដែលក្រសួងបានកំណត់ក្នុងកម្រិត៥០ នៅប្រែប្រួលចន្លោះ ១៥, ទៅ៣០ និង៤០ នេះបញ្ជាក់ថា គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា មានគុណភាពល្អប្រសើរ ខណៈក្រសួងបានបំពាក់ម៉ាស៊ីន តាមដានគុណភាពខ្យល់ចំនួន ៤៩កន្លែង នៅទូទាំងប្រទេស។

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិជាច្រើន ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណុចមួយទៀត គឺពាក់ព័ន្ធជាមួយកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានតាមដានទៅលើគុណភាពខ្យល់ដោយនៅក្នុងនោះ គឺនៅរាជធានីភ្នំពេញ បានដាក់ម៉ាស៊ីនតាមដានខ្យល់ចំនួន ១១កន្លែង នៅតាមបណ្តាខេត្ត ២៤ទៀត ចំនួន៣៨កន្លែង សរុបទៅគឺម៉ាស៊ីនតាមដានគុណភាពខ្យល់មានចំនួន ៤៩កន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យតាមដានគុណភាពខ្យល់ យើងឃើញថាតាមនៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត គុណភាពខ្យល់គឺស្ថិតនៅក្រោមស្តង់ដារ ដែលក្រសួងបរិស្ថាន បានកំណត់ ក្នុងកម្រិត៥០ អញ្ចឹង គឺនៅប្រែប្រួលចន្លោះ ១៥, ទៅ៣០ ទៅ៤០ មិនបានឡើងដល់៥០ទេ នេះបញ្ជាក់ទៅលើគុណភាពខ្យល់ ក្នុងប្រទេសកម្ពុជា មានគុណភាពល្អប្រសើរ»

លោក នេត្រ ភក្ត្រា បានថ្លែងថា ការរៀបចំគោលនយោបាយការគ្រប់គ្រង ការប្រែប្រួលអាកាសធាតុ គឺជាការងារអាទិភាពរបស់យើង ដើម្បីបញ្ជ្រាបផែនការយុទ្ធសាស្ត្រទាំងអស់នេះ ចូលទៅផែនការជាតិ គឺក្រសួង ស្ថាប័នពាក់ព័ន្ធនានា បញ្ចូលក្នុងការបង្កើតគោលនយោបាយ បន្ថែមពីនេះក្រុមហ៊ុនឯកជន ក៏អាចយកនូវគោលនយោបាយនេះទៅបញ្ចូលក្នុងផែនការសកម្មភាពរបស់ខ្លួនដែរ។

បើទោះបីជាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា មានគុណភាពល្អក៏ដោយ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការបំពុលខ្យល់ ដូចជាការដាក់ចុះឱ្យអនុវត្តអនុក្រឹត្យការគ្រប់គ្រងការបំពុលខ្យល់ នៅក្នុងនោះមានទាំងការគ្រប់គ្រងការដ្ឋានសាងសង់ ព្រមទាំងតម្រូវឱ្យស្ថានីយប្រេងសាំង កំណត់ប្រេងសាំង មានគុណភាពខ្ពស់ និងកម្រិតស្ព័នធម៌ទាប ដើម្បីកុំបញ្ចេញចំហេះចេញមកក្រៅបំពុលបរិយាកាសច្រើនជាដើម។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន ក៏បានអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាមពាសវាល ពាសកាល ព្រមទាំងណែនាំដល់ពួកគាត់កុំឱ្យជញ្ច្រាំងស្រូវ និងកាប់ឆ្ការ ដុតចំការរបស់ពួកគាត់នៅក្នុងរដូវប្រាំង ដែលជាផ្នែកមួយបំពុលដល់បរិយាកាសជាដើម។

ក្រៅពីការគ្រប់គ្រងលើគុណខ្យល់ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងក៏បានគិតគូរយ៉ាងម៉តចត់លើការគ្រប់គ្រងគុណភាពទឹក និងទឹកកង្វក់ និងគុណភាពដី ដោយសារតែបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងតែអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាជន និងកាពង្រីកទីក្រុងដែលធ្វើឱ្យមានបញ្ហាចោទឡើងលើការគ្រប់គ្រងទឹកកង្វក់ ដូច្នេះ ក្រសួងបរិស្ថាន បានរៀបចំផែនការសកម្មភាពគ្រប់គ្រងទៅលើទឹកកង្វក់ តាមរយៈការសហការជាមួយក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការរៀបចំប្រព័ន្ធលូទឹកកង្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែក ព្រមទាំងបង្កើតអាងប្រព្រឹត្តកម្ម ដើម្បីធ្វើប្រព្រឹត្តកម្មទៅលើសំណល់កង្វក់មុននឹងបង្ហូរចូលលូសាធារណៈ។

គួរបញ្ជាក់ថា «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១» របស់ក្រសួងបរិស្ថាន ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបទបង្ហាញ កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ជាច្រើន លម្អិតអំពីបញ្ហាប្រឈម មេរៀន បទពិសោធន៍ សំណូមពរ និងអនុសាសន៍ផ្សេងៗ របស់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន៕