(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះនៅមន្ទីរផែនការ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក្នុងខេត្ត ដែលរៀបចំដោយនាយកដ្ឋានគណនេយ្យជាតិ នៃក្រសួងផែនការ ក្នុងគោលបំណងដើម្បីស្វែងរកទិន្នន័យសម្រាប់ធ្វើជាមធ្យោបាយក្នុងការវាស់វែងអំពីកម្រិតនៃការរីកចម្រើនរបស់រដ្ឋបាលខេត្ត ក៏ដូចជាចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមការវិភាគតាមបែបម៉ាក្រូសេដ្ឋកិច្ច។

ស្ថិតក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្រសួងផែនការ បានបើកវគ្គបណ្ដុះបណ្ដាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលទិន្នន័យនេះបានមកពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត រួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលនាយកដ្ឋានគណនេយ្យជាតិ នៃក្រសួងផែនការយកមកគណនា។

លោកអភិបាលខេត្តបានបញ្ជាក់ថា ទិន្នន័យនេះមានសារសំខាន់ណាស់ សម្រាប់ធ្វើជាមធ្យោបាយ ក្នុងការវាស់វែងអំពីកម្រិត នៃការរីកចម្រើនរបស់រដ្ឋបាលខេត្តតាមបណ្ដាឆ្នាំនីមួយៗ និងចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈការវិភាគតាមបែបម៉ាក្រូសេដ្ឋកិច្ច។

លោកបន្តថា ម្យ៉ាងទៀតទិន្នន័យនេះវាមានសារៈសំខាន់ណាស់ សម្រាប់ខេត្តដើម្បីបង្ហាញដល់ភាគីពាក់ព័ន្ធនានា ជាពិសេសដៃគួរអភិវឌ្ឍន៍ដែលមានបំណងចង់មកវិនិយោគ នៅលើទឹកដីសុខាភិបាលខេត្តកំពង់ចាម ហើយពួកគេអាចដឹងពីកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់រដ្ឋបាលខេត្ត តាមរយៈលទ្ធផល ផលិតផលក្នុងស្រុកសរុប GDP នេះផងដែរ៕