(ភ្នំពេញ)៖  ខេត្តចំនួន៥ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារនៅយប់ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៦នេះ នឹងព្រឹកស្អែកសីតុណ្ហភាពអប្បបរមា នឹងចុះត្រជាក់ខ្លាំងមកនៅក្នុងរង្វង់ ១២-១៤អង្សាសេ។ នេះបើយោងតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះ។

លោកបន្តថា ចំពោះតំបន់ជួរភ្នំ អាចត្រជាក់ជាងនេះបន្តិចទៀត ហើយចាប់ពីថ្ងៃទី១០ ទៅទើបសីតុណ្ហភាពចាប់ផ្តើមងើបឡើងវិញ។

សូមបញ្ជាក់ថា៖ យោងតាមការព្យាករណ៍ អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ម្តងទៀត នាថ្ងៃទី ០៧-០៩ ខែកុម្ភៈ ឆ្នាំ ២០១៦។ បណ្តាខេត្តដែលចុះត្រជាក់រួមមាន៖

- ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៖ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៥-១៧អង្សាសេ។
- ខេត្តស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប៖ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៧-១៩អង្សាសេ។

លោក ចាន់ យុត្ថា បន្តថាការចុះត្រជាក់នេះ ក៏មានលាយឡំជាមួយនឹងការ ធ្លាក់ខ្យល់ផងដែរ។

ពាក់ព័ន្ធនឹងការចុះត្រជាក់ និងការធ្លាក់ខ្យល់នាពេលខាងមុខនេះ លោក ចាន់ យុត្ថា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់ លើបញ្ហាសុខភាព ពិសេសចំពោះមនុស្សចាស់ និងកុមារ៕