(ភ្នំពេញ)៖ មជ្ឈមណ្ឌលស្រាវជ្រាវសូត្រខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមជ្ឍមណ្ឌលសូត្រដំបូងគេនៅកម្ពុជា បាននឹងកំពុងពិសោធន៍ផលិតចំណីសិប្បនិម្មិត សម្រាប់ដង្កូវនាង ដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាកសិករ ដែលជាអ្នកចិញ្ចឹម។

នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ការស្តារវិស័យសូត្រឡើងវិញ ក្រោយដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវសូត្រខ្មែរ»។

បណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់យ៉ាងដូច្នេះថា «មជ្ឈមណ្ឌលស្រាវជ្រាវសូត្រខ្មែរ កំពុងតែសិក្សាអំពីចំណីសិប្បនិម្មិត សម្រាប់សត្វដង្កូវនាង ព្រោះថា សត្វដង្កូវនាង ត្រូវការចំណីចំនួន៣ដង ក្នុងមួយថ្ងៃ ព្រឹក-ថ្ងៃ-ល្ងាច ហើយជាចំណីដែលស្រស់ៗ [...] នៅពេលជោគជ័យ ចំណីសិប្បនិម្មិតនេះ នឹងសម្រួលដល់ការងារជាច្រើន»

បន្ថែមពីនោះទៀត បណ្ឌិត ម៉ី កល្យាណ បានឲ្យដឹងថា នៅពេលដែលចំណីសិប្បនិម្មិត សម្រាប់សត្វដង្កូវនាងនេះ ទទួលបានជោគជ័យ វានឹងជួយសម្រួល ដល់ការងារជាច្រើនរបស់អ្នកចិញ្ចឹម រួមទាំងការចំណាយផងដែរ ព្រោះថាចំណីនេះ ដាក់តែម្ដងអាចឲ្យដង្កូវនាង ស៊ីបានរហូតដល់១២ថ្ងៃ។

បណ្ឌិត ម៉ី កល្យាណ បានបន្ថែមទៀតថា ចំណីសិប្បនិម្មិតសម្រាប់សត្វដង្កូវនាងនេះ នៅឯប្រទេសជប៉ុន គឺមានការផលិតជាយូរហើយ ខណៈដែលប្រទេសថៃ កំពុងតែពិសោធន៍ដូចនៅកម្ពុជាដែរ។

បណ្ឌិត ម៉ី កល្យាណ បានគូសបញ្ជាក់ថា បច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវសូត្រខ្មែរ កំពុងតែធ្វើការពិសោធន៍ចំណីសិប្បនិម្មិត សម្រាប់សត្វដង្កូវនាងនេះ ឲ្យបានកាន់តែល្អ មុននឹងសម្រេចផលិត និងចែកចាយបន្ដឲ្យប្រជាពលរដ្ឋប្រើប្រាស់។

សូមជម្រាបថា មជ្ឈមណ្ឌលសូត្រខ្មែរនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយវិស័យសូត្រខ្មែរ តាមរយៈការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍតាមបែបវិទ្យាសាស្ត្រ។

* គោលដៅទីមួយ របស់មជ្ឈមណ្ឌល គឺស្រាវជ្រាវ និងផលិតឲ្យបាននូវពូជដង្កូវនាង ដែលមានសុខភាពល្អ និងអាចផលិតបានសរសៃសូត្រវែង និងគុណភាពខ្ពស់ ហើយចែកចាយទៅឲ្យកសិករ តាមរយៈកសិករបង្គោល ដែលបានជ្រើសរើស។

* គោលដៅទីពីរ គឺធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាង និងសរសៃសូត្រ ដើម្បីផលិតនូវផលិតផលនានា ដូចជាសាប៊ូគ្រឿងសម្អាង និងអាហារបំប៉នជាដើម។

តាមការបញ្ជាក់របស់បណ្ឌិត ម៉ី កន្យាណ បច្ចុប្បន្ននេះកម្ពុជាបានកសាងគ្រឹះសម្រាប់វិស័យសូត្ររួចរាល់ហើយ ដោយឲ្យមានស្ថាប័នមួយច្បាស់លាស់ ក្នុងការស្រាវជ្រាវផលិតពូជដង្កូវនាង ដែលមានសុខភាពល្អ និងទទួលបានទិន្នផលសូត្រអាចទទួលយកបាន។

លោកបណ្ឌិតបន្តថា សម្រាប់ការផលិតពូជដង្កូវនាងរហូតមកដល់ពេលនេះ មជ្ឈមណ្ឌលស្រាវជ្រាវសូត្រខ្មែរ អាចផលិតបានរហូតដល់ជាង២០ពូជ និងស្រាវជ្រាវពូជមនផងដែរ។

ជាមួយគ្នានេះ ដើម្បីស្តារវិស័យសូត្ររបស់កម្ពុជាឡើងវិញ លោកបណ្ឌិតអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមទាំងអស់គ្នា ធ្វើឲ្យយ៉ាងបង្កើនការផលិតសរសៃសូត្រ បំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេសឲ្យបានកាន់តែច្រើន ខណៈក្នុង១ឆ្នាំកម្ពុជា នាំចូលសរសៃសូត្ររហូតដល់៤០០តោន៕

ខាងក្រោមនេះជាវីដេអូនៃកិច្ចសម្ភាសទាំងស្រុង ជាមួយលោកបណ្ឌិត ម៉ី កន្យាណ៖