(បន្ទាយមានជ័យ)៖ អំណោយសង្គ្រោះបន្ទាន់ជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវយកមកចែកជូនគ្រួសារ អតីតយុទ្ធជន គ្រួសារពលីមរណៈ និងប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៣៤៥គ្រួសារ មកពីក្រុង ស្រុកចំនួន៧ ក្នុងខេត្តបន្ទាយមាជ័យ។

ពិធីប្រគល់អំណោយនេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងក្រុមការងារនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងភោជនីយដ្ឋានស្ទឹងសែន ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក អ៊ុំ រាត្រី បានថ្លែងថា អតីតយុទ្ធជន និងគ្រួសារពលីមរណៈមានគោលការណ៍ចំនួន៤ចំណុចធំ រួមមាន៖

* ទី១៖ វិស័យសុខុមាលមនុស្សចាស់
* ទី២៖ វិស័យយុវនីតិសម្បទា
* ទី៣៖ វិស័យសុខុមាលភាពសង្គម
* ទី៤៖ វិស័យសុខុមាលភាពកុមារហើយសង្គម។

ក្នុងនោះសម្តេចតែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនផ្តល់ទាំងគ្រឿងឧបភោគ និងបរិភោគ ថវិកាពិសេសជួយសាងសង់ផ្ទះឱ្យដល់អតីតយុទ្ធជន មិនដែលដាច់ព្រោះសំអាងថាអតីតយុទ្ធជន ជាកម្លាំងដែលកន្លងមក ហ៊ានពលីជីវិត ក្នុងបុព្វហេតុការពារទឹកដី និងហ៊ានប្តូរជីវិត សាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិ ហើយប្រទេសមានស្ថិរភាពរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែកងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ នគរបាលទាំងអស់ ដែលជាអតីតយុទ្ធជននេះផងដែរ។

លោកអភិបាលខេត្ត បានបន្តទៀតថា អតីតយុទ្ធជនកម្ពុជា បង្កើតឡើងវាមានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌សម្រាប់ ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយផ្យេងៗ ដូចជាជួយដល់គ្រួសារកងទ័ពក្រីក្រ ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះមហត្តរាយ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើម។

អំណោយដែលទទួលបានក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូ ទឹកត្រី និងទឹកស៉ីអ៉ីវ ២យួរ ត្រី ៥កំប៉ុង មី១កេស៕