(កំពង់ធំ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ សហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estateco.Ltd) បាននាំអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៨០គ្រួសារ មកពីឃុំក្រវ៉ា និងឃុំចើងដើង ស្រុកបារយណ៍ ខេត្តកំពង់ធំ។

ពិធីប្រគល់អំំណោយមនុស្សធម៌នេះ បានធ្វើឡើងនារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពីលោក ឃន ចាន់ថៃ អភិបាលរងស្រុកបារាយណ៍ មន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋជាច្រើនរូប។

លោក ខាន់ ខុន បានលើកឡើងថា ជានិច្ចកាលសមាគមបេសកកម្មដំណឹងល្អ តែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាក់ស្តែង គ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរាទទួលបានអំណោយមនុស្សធម៌របស់សមាគមនបេសកកម្មដំណឹងល្អ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយ រយៈទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែននេះជាការចែករំលែកនូវក្តីស្រឡាញ់ចំពោះបងប្អូន។

ជាមួយគ្នានេះដែរ លោក ខាន់ ខុន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅ ឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។

លោកក៏បានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងត្រូវអប់រំ កូនឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមទប់ស្កាត់នូវជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ខាន់ ខុន បានបន្តថា សមាគមបេសកកម្មដំណឹងល្អ ជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុក ដែលបង្កើតឡើងក្នុងគោលបំណងជួយរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការងារមនុស្សធម៌ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។

ជាមួយគ្នានេះដែរ លោក ឃន ចាន់ថៃ បានថ្លែងអំណរគុណដល់លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកម្មដំណឹងល្អរួមនឹងក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត ដែលតែងតែជួយដល់ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ ក៏ដូចជាខេត្តកំពង់ធំ ក្នុងការលើកស្ទួយជីវភាពគ្រួសារឱ្យមានភាពប្រសើរឡើង។ អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រី៕