(កំពង់ចាម)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាំយកទៅផ្ដល់ជូនប្រជាពលរដ្ឋ១,៦០០គ្រួសារ រស់នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ ពិធីនេះក៏មានការចូលរួមពី ឧកញ៉ា ជា លាងហុង និងលោកស្រី ឧកញ៉ា អែល សារ៉ុម និងលោកស្រី ឧកញ៉ា ប៊ុន រតនា និងលោកស្រី និងលោក ប៊ុន វុត្ថា និងភរិយា ព្រមទាំងប្រតិភូជាច្រើនរូបទៀត។ ក្នុងពិធីនោះ ក៏មានការសម្ពោធស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាផងដែរ។

យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច សូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយផ្លូវបេតុង១ខ្សែ ប្រវែង៧,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ឆ្ពោះទៅផ្លូវជាតិលេខ៨។

លើសពីនេះទៅទៀង ឧកញ៉ា អែល សារ៉ុម ឧកញ៉ា ប៊ុន រតនា និងលោកអគ្គនាយក ប៊ុន វុត្ថា បានជំរាបជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានថា នៅលើផ្លូវបេតុង០១ខ្សែ ប្រវែង៧៥០០ម៉ែត្រ បានកំពុងសាងសង់បង្គោលភ្លើង នៅតាមអមសងខាងផ្លូវដោយបំពាក់ប្រព័ន្ធសូឡា ដើម្បីជួយសម្រាលការធ្វើដំណើរ ដល់ប្រជាពលរដ្ឋ លោកតា លោកយាយ ព្រះសង្ឈ ក្មួយសិស្សានុសិស្ស និងទាក់ទាញដៃគូវិនិយោគឲ្យមានការចាប់អារម្មណ៍ផងដែរ។

ឧកញ៉ា ជា លាងហុង បានលើកឡើងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើង ពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ បង្គោលភ្លើង សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយ ប្រជាពលរដ្ឋដែលមានការលំបាកនៅក្នុងឃុំទងត្រឡាចផងដែរ។

ក្នុងឱកាសនោះ លោកឧកញ៉ា ឡូវ ហ៉ឹង បាននាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពលរដ្ឋក្រីក្រជួបការលំបាក ជនពិការ អ្នកមានជំងឺ ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរ ពីសុខទុក្ខ និងការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។

ឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោក ដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ឋ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី គឺធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាព យូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូប ព្រោះមានសន្តិភាពទើបមានអ្វីៗ គ្រប់យ៉ាងមកទល់សព្វថ្ងៃ។

អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនព្រះសង្ឈ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ អាជ្ងាធរ ភូមិ ឃុំ ស្រុក និងប្រជាពលរដ្ឋប្រមាណ១,៦០០គ្រួសារ រួមមាន អង្ករ១១តោន គ្រឿងទេស និងថវិកា៨០លានរៀន។ ដោយឡែក ឧកញ៉ា ទ្រី ភាព បានចូលរួបឧបត្ថម្ភ១០លានរៀលផងដែរ៕