(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការីរួមជាមួយ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ប្រគល់ផ្ទះថ្មីមួយខ្នងជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា តាមរយៈលោកនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកំពតផត ជូនគ្រួសារអតីតយុទ្ធជនមួយគ្រួសារ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា និច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុក្ខដាក់ដល់អតីតយុទ្ធជននៅគ្រប់ទីកន្លែង និងបានលើកឡើងថា ទាំងនេះជាការដឹងគុណដ៏ធំធេងដល់អតីតយុទ្ធជន ដែលកន្លងមក បានចូលរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថាផ្ទះថ្មីដែលប្រគល់ជូននាពេលនេះ មានទំហំ ៤ម៉ែត្រ x៦ម៉ែត្រ ធ្វើអំពីឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាត ប៊ត និងរនាបក្តារ ជណ្តើរកាច់។ គ្រួសារអតីតយុទ្ធជនដែលបានទទួលផ្ទះថ្មីនេះមានឈ្មោះ ម៉ុន សៀងហៃ អាយុ៥៥ឆ្នាំ មានកូនចំនួន០៤នាក់ ដែលស្វាមីរបស់គាត់ បានទទួលមរណភាពចោលគាត់ដោយសារជំងឺ បច្ចុប្បន្នក្រុមគ្រួសារគាត់ប្រកបមុខរបរជាកម្មករសំណង់។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើដល់អតីតយុទ្ធជន និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កបង្កើនផលចិញ្ចឹមសត្វដើម្បីជួយសម្រួល និងដោះស្រាយជីវភាពប្រចាំថ្ងៃឲ្យកាន់តែរីកចម្រើន និងសូមចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល។

ជាមួយគ្នានេះគ្រួសារអតីតយុទ្ធជនរួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជន ជាពិសេសអតីតយុទ្ធជន និងសូមគោរពជូនពរសម្តេចទាំងទ្វេ ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមជួបប្រទះ តែនឹងពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគ របស់លោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនគាត់បន្ថែមនៅពេលនេះរួមមាន អង្ករ ៥០ គីឡូក្រាម, មីចំនួន ០២កេស, ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ០២យួរ ទឹកពិសារបរិសុទ្ធកម្ពុជា ចំនួនមួយកេស និងថវិកាមួយចំនួនផងដែរ៕