(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសំណេះសំណាល ជាមួយនិស្សិត សាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) ដែលនឹងត្រូវចេញដំណើរ ទៅធ្វើកម្មសិក្សារយៈពេល១១ខែ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ជំនាន់ទី១៣ នៅប្រទេសអ៊ីស្រាអែល។

លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ RUA ដែលបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរ ជាមួយក្រុមហ៊ុន Agrostudie ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែល ដើម្បីដកស្រង់ផ្លាស់ប្តូរ បទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការផ្ទាល់។

លទ្ធផលជាផ្លែផ្កានេះ ទាំង RUA ក៏ដូចជាក្រសួង លោករដ្ឋមន្ដ្រី សូមធ្វើការវាយតម្លៃខ្ពស់ ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែល តាមរយៈក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតកម្ពុជា ទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិត មានការកើនឡើងជាបន្តបន្ទាប់ពីចំនួន៨នាក់ នៅឆ្នាំ២០០៨ ហើយសម្រាប់ឆ្នាំ២០២០នេះ មានចំនួន១៩៩នាក់។

មានមតិសំណេះសំណាលបន្ត លោករដ្ឋមន្រ្តី វេង សាខុន បានបង្ហាញនូវទស្សនផ្ទាល់ខ្លួនថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការវិវឌ្ឍន៍រីកចម្រើន គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ គឺស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្ម ប្រកបដោយដោយបរិមាណ និងគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

ជាក់ស្តែង វិស័យផលិតកម្មបន្លែកសិករចាប់ផ្តើម ដាំក្នុងផ្ទះសំណាញ់ ឈប់រែកទឹកស្រោចបន្លែ ប្រើប្រព័ន្ធដំណក់ ឬសាចស្រោចបន្លែជំនួស ឈប់ប្រើចបកាប់ដី តែប្រើគ្រឿងចក្រ ការប្រើពូជ ជី និងថ្នាំពុលកសិកម្មស្ថិតក្នុងលក្ខណបច្ចេកទេស និងក្នុងកម្រិតសុវត្ថិភាពទាំងផលិតផល សុខភាពអ្នកផលិត អ្នកបរិភោគ និងក្សេត្រ បរិស្ដាន ប្រើប្រាស់ប្រព័ន្ធ GAP ដើម្បីវាយតម្លៃលើគុណភាពផលិត មានការចងក្រងបណ្តុំផលិត ជាសហគមន៍ និងអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ច សន្យា -ល-។

លោករដ្ឋមន្ដ្រីបន្ដថា ផ្ទុយទៅវិញ យើងក៏ទទួលស្គាល់ថា វិស័យមួយនេះ ក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលចាំបាច់ឲ្យគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះក៏មាននិស្សិតទាំង ១៩៩នាក់ បន្ទាប់ពីបញ្ចប់កម្មសិក្សា ត្រូវរួមគ្នាគិតគូដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍ វិស័យកសិកម្មកម្ពុជា ជាជំហានៗប្រកបដោយចីរភាព និរន្តរភាព កសិកម្មទំនើប មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ និងជាពិសេស ដើម្បីចូលរួមចំណែកជាកំលាំងចលករ ក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបន្តចូលរួមសម្រេចមហិច្ឆិតា របស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង ២០៥០។

លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ប្រាប់និស្សិតថា កម្ពុជាអាចដើរដល់គោលដៅនោះបាន ដ៏រាបណាយើងមានធនធានមនុស្ស ផ្នែកវិស័យកសិកម្មពោរ ពេលដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួន ច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ហើយពិតណាស់វាមិនអាចកើតឡើង ដោយចៃដន្យបានទេ ល្គឹកណាក្មួយៗនិស្សិតគ្រប់រូបឆ្លៀតយកឱកាសដ៏ល្អនេះ ត្រូវខិតខំព្យាយាម តស៊ូអំណត់អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯង ឲ្យក្លាយជានិស្សិតឆ្នើម បុគ្គលល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។

ដើម្បីជាធាតុចូលបន្ថែមជាចំណេះដឹង បទពិសោធន៍ ជំហរស្មារតីរឹងមាំ ក្នុងពេលស្នាក់នៅប្រទេសអីស្រាអែល លោករដ្ឋមន្រ្តី វេង សាខុន បានផ្តល់អនុសាសន៍ជាគន្លឹះល្អៗ មួយចំនួន ដល់និស្សិតយកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានលទ្ធផលល្អ ដែលក្នុងនោះមានជាអាទិ៍៖

* ទី១៖ ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស និងការគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន លើជំនាញបច្ចេកទេសទំនើប។

* ទី២៖ ត្រូវគោរពច្បាប់វិន័យ ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ឧស្សាហ៍ព្យាយាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់របស់ខ្មែរ ឲ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពការងារជាចម្បង មានទំនាក់ទំនងល្អក្នុងក្រុម គ្រួសារ និងសាលា។

* ទី៣៖ ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ ដែលរស់នៅរៀនសូត្រ និងបំពេញការងារជាមួយគ្នា។

* ទី៤៖ ក្មួយៗត្រូវយកឱកាសដ៏ល្អ ក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍខ្លួន ឲ្យក្លាយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗ នាពេលអនាគត។

* ទី៥៖ ចំពោះ RUA គួររៀចំកម្មវិធីផ្លាស់ប្តូរសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ រវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល ដើម្បីទទួលបានបច្ចេកវិទ្យាថ្មី សាមញ្ញ ងាយស្រួលដល់កសិករ ក្នុងការអនុវត្ត កាត់បន្ថយការលំបាក ពលកម្ម ពេលវេលា និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

តាមរបាយការណ៍របស់លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យដឹងថា កម្មវិធីនិស្សិតហាត់ការ នៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មកក្នុងគោលបំណងលើកកម្ពស់ ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះ មានអាយុ១៣ឆ្នាំហើយ។

សរុបទាំង១២ជំនាន់ RUA បានបញ្ជូននិស្សិតចំនួន ១,២៧១នាក់។ ឆ្នាំនេះ មាននិស្សិត ១៩៩នាក់ ក្នុងនោះ RUA បានបញ្ជួននិស្សិតចំនួន ១៦៨នាក់ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមមាននស្សិត ២០នាក់ សាកលវិទ្យាល័យស្វាយរៀងមាននិស្សិត ៤នាក់ និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំមាននិស្សិត ៧នាក់៕